ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញប្រកាសបញ្ចូល សមាជិកថ្មី៦៥៦រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ គណៈកម្មាធិការគណបក្សស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៦៥៦រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងស្រុកសាមគ្គីមានជ័យ ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ។

ជាកិច្ចចាប់ផ្ដើម លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានរំលេចនូវស្ថានភាពគណបក្សប្រជាជនកម្ពុជា និងសកម្មភាពរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ។ បន្ទាប់មក តាមតំណាងសមាជិកគណបក្ស បានអានពាក្យស្នើសុំ ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះដែរ លោកអនុប្រធានគណៈកម្មាធិការគណបក្សស្រុកសាមគ្គីមានជ័យ បានអានសេចក្ដីសម្រេចបញ្ចូលសមាជិកគណបក្សដែលមានចំនួនសរុប ៦៥៦រូប របស់គណៈកម្មាធិការគណបក្សឃុំចំនួន ៤ គឺឃុំក្រាំងល្វា, ឃុំខ្នាឆ្មារ, ឃុំធ្លកវៀន និងឃុំត្បែងខ្ពស់ នៃស្រុកសាមគ្គីមានជ័យ។ បន្ទាប់ពីការអាននូវសេចក្ដីសម្រេចរួចមក តំណាងសមាជិកថ្មីដែលត្រូវបានទទួលស្គាល់ បានឡើងធ្វើការប្ដេជ្ញាចិត្តក្នុងការដើរតាមគោលនយោបាយ គោរពលក្ខន្តិកៈ និងបទបញ្ញាផ្ទៃក្នុងរបស់គណបក្ស។

លោក ឆាយ ឫទ្ធិសែន បានអញ្ជើញប្រគល់សេចក្ដីសម្រេចបញ្ចូលសមាជិក ជូនតំណាងសមាជិកថ្មី ចំនួន ១៥រូប ជានិមិត្តរូប។

នាឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងគណៈកម្មាធិការគណបក្សស្រុក ឃុំ ដែលបានបំពេញតួនាទីនិងភារកិច្ចយ៉ាងល្អ នាពេលកន្លងមក រហូតសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ជាពិសេសការខិតខំបង្កើនសមាជិក របស់គណបក្សជាបន្ដបន្ទាប់ ដែលជាកម្លាំងគាំទ្រដ៏រឹងមាំ ដើម្បីរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ នាពេលខាងមុខ។

ក្នុងឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន ក៏បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានសមាជិកថ្មីទាំង ៦៥៦រូប ចំពោះការសម្រេចចិត្តក៏ត្រឹមត្រូវចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បានជួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។

លោក ឆាយ ឫទ្ធិសែន បានបញ្ជាក់ជូនសមាជិក សមាជិកាដែលទើបបញ្ចូលថ្មីទាំងអស់ ត្រូវខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស, ត្រូវកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្ស ច្បាប់របស់រដ្ឋជូនដល់ប្រជាជន, ត្រូវថែរក្សាធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។

លោក ឆាយ ឫទ្ធិសែន បានបញ្ជាក់បន្ថែមទៀតថា សមាជិក សមាជិកាបក្សទាំងអស់ ត្រូវបន្តគាំទ្រនិងលើកកម្ពស់គុណតម្លៃសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង និងត្រូវថែរក្សា “សន្តិភាព” ឱ្យបានគង់វង្សជាដាច់ខាត ទោះបីលះបង់ក្នុងតម្លៃណាក៏ដោយ។

បន្ថែមពីនេះទៀត លោក ឆាយ ឫទ្ធិសែន បានផ្ដាំផ្ញើដល់អង្គពិធីមូល ត្រូវបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យបានរឹងមាំ ដោយផ្អែកលើបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈបក្ស និងគោរពតាមគោលការណ៍បក្ស មតិភាគតិចគោរពមតិភាគច្រើន និងសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ៕

To Top