ព័ត៌មានជាតិ

អតីតសមាជិក មកពីគណបក្សនយោបាយផ្សេងៗ ជាង៨០០នាក់ ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកបន្ទាយអំពិល

ឧត្ដរមានជ័យ៖ អតីតសមាជិកមកពីគណបក្សនយោបាយផ្សេងៗចំនួន ៨១១នាក់ ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រកាសបញ្ចូល និងទទួលស្គាល់ជាផ្លូវការជាសមាជិក-សមាជិកា ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្ស គណបក្សស្រុក ឃុំ ភូមិ ជាច្រើនរូបទៀត ។

នៅក្នុងឱកាសនេះ លោក មាន ចាន់យ៉ាដា បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិកថ្មី ក៏ដូចជាថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យទាំងមូល។

លោក មាន ចាន់យ៉ាដា បានលើកឡើងទៀតថា ការសម្រេចចិត្តរបស់អតីតសមាជិកគណបក្សនយោបាយផ្សេងៗទាំង៨១១រូប ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបង្ហាញពីការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែផ្តោតលើការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

លោក ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានថ្លែងបន្តថា៖ គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចំហជានិច្ច ដើម្បីស្វាគមន៍ប្រជាពលរដ្ឋ និងអ្នកស្នេហាជាតិគ្រប់មជ្ឈដ្ឋាន ដែលមានបំណងចូលរួមចំណែកក្នុងការការពារ កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

គួរបញ្ជាក់ថា ការប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៨១១នាក់នេះ ត្រូវបានចាត់ទុកថា ជាការរួមចំណែកបន្ថែមក្នុងការពង្រឹងរចនាសម្ព័ន្ធ និងសមាជិកភាពរបស់គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានស្រុកបន្ទាយអំពិល ព្រមទាំងបង្ហាញពីការរួមគ្នា និងសាមគ្គីភាពរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែក ជាមួយការងារសង្គម៕

ដោយ៖ សួនពិសិត

To Top