ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ចេញប្រតិកម្ម ចំពោះអ្នករិះគន់ការសាងសង់ អគារទីស្នាក់ការកណ្ដាលថ្មី របស់គណបក្សប្រជាជនកម្ពុជា ខណៈរាល់ការចំណាយកសាងអគារនេះ មិនបានយកលុយពីណាទេ គឺបានមកពីសមាជិក សមាជិកាគណបក្ស ។
ក្នុងឱកាសអញ្ជើញ ពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំសូមប្រាប់ថា អ្នកឯងចង់ថាម៉េចថាទៅ ថ្ងៃទី២៨ មិថុនានេះ គណបក្សប្រជាជនកម្ពុជា នឹងធ្វើពិធីសូត្រមន្តចូលឡើងអគារហើយ ចូលនៅអគារហើយ។ កុំអីយកថ្ងៃសុក្រ យើងនិយាយតាមជើងលេខ ប៉ុន្តែជាប់រវល់ ។ តែថ្ងៃ២៨ គឺចំថ្ងៃខួបគណបក្សប្រជាជនកម្ពុជា ហើយចំថ្ងៃសីលផងដែរ»។
ឆ្លើយតបចំពោះការលើកឡើងថា សម្ដេចបានលុយពីណា ធ្វើអគារទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា សម្ដេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឆ្លើយទៅអ្នកឯងវិញថា លុយបានមកពីសមាជិកសមាជិកា គណបក្សប្រជាជន មានគ្រប់មជ្ឈដ្ឋានទាំងអស់មានទាំង ពាណិជ្ជករ កម្មករ កសិករ និងសេដ្ឋី កូនសេដ្ឋី អីចឹងមានអ្វីពិបាកត្រឹមលុយជាង ៣០លានដុល្លារ សម្រាប់សាងសង់អគារ ដែលបក្សកាន់អំណាចនោះ» ។
សម្តេចចំអកទៅកាន់ អតីតគណបក្សប្រឆាំងថា «អ្នកឯងចង់ធ្វើអ្វីមួយដើររ៉ៃលុយថា ធ្វើនេះធ្វើនោះពីសមាជិក របស់អ្នកជារឿងរបស់អ្នកឯង ស្អីដោយបង្កើតម៉ោងទី១ ម៉ោងទី២ ។ អ្នក ខ្លះចលនាគ្នាបង្កើតទូរទស្សន៍ ប៉ុន្តែមិនចេញ ទៅចេញព្រះអាទិត្យ ឬព្រះច័ន្ទទៅវិញហើយ បាត់លុយគេមិនទៅណាមិនដឹងទេ»។
ជាមួយគ្នានោះដែរសម្តេច ក៏បានលើកឡើងថា ចំពោះថវិកាសប្បុរសជន ដែលជួយសាងសង់មន្ទីរពេទ្យកាល់ម៉ែត្រ មានថវិកាជាង ១០០លានដុល្លារ ដោយមានថវិការដ្ឋ ៣០លានដុល្លារ និងថវិកាសប្បុរសជនជាង ៧០លានដុល្លារ ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យនេះ។ ហើយ នេះជាការរួម ចំណែកដែលគេហៅថា សិល្បៈនៃការចែករំលែកគ្នា។ ជាក់ស្តែងក្នុងសម័យកូវីដ១៩មិន មានប្រជាពលរដ្ឋណាមួយស្លាប់ ដោយសារដាច់បាយនោះទេ ៕
ដោយ៖ ស សំណាង