ព័ត៌មានជាតិ

កម្ពុជា-ចិន នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្ដីពី មូលនិធិពិសេស សម្រាប់គម្រោង កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២០

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសកម្ពុជា និងលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២០ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២២ មិថុនានេះ បានឲ្យដឹងថា ពិធីចុះហត្ថលេខានេះនឹងធ្វេីឡេីងនៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩:៣០នាទីព្រឹក នាទីស្ដីការក្រសួងការបរទេស។

ក្នុងក្របខ័ណ្ឌមូលនិធិ ពិសេសនៃ កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២០ នេះ គម្រោងកម្ពុជាចំនួន២០ ត្រូវបានគាំទ្រ និងផ្តល់មូលនិធិ ដែលមាន ទឹកប្រាក់ចំនួន ៧.២២៥.៤០០,០០ដុល្លារអាមេរិក ភាគច្រើនគ្របដណ្តប់ ទៅលើសកម្មភាពនានា ពាក់ព័ន្ធនឹងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍ធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ការកសាងសមត្ថភាព ទេសចរណ៍ និងសេវាកម្ម បរិស្ថាន និងការការពារសម្បត្តិវប្បធម៌ ជាដើម៕

To Top