ព័ត៌មានជាតិ

Vietjet ពង្រីកភាពជាដៃគូដើម្បីបង្កើនសមត្ថភាពផ្នែកថែទាំ ជួសជុល និងត្រួតពិនិត្យបច្ចេកទេស (MRO) និងបច្ចេកវិទ្យាអាកាសចរណ៍ ដើម្បីគាំទ្រដល់បណ្តាញប្រតិបត្តិការហោះហើរដែលកំពុងរីកចម្រើនរបស់ខ្លួន

ភ្នំពេញ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet បានពង្រីកភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Thales និង CFM International លើវិស័យនានា រួមមាន៖ ការថែទាំ ជួសជុល និងត្រួតពិនិត្យបច្ចេកទេស (MRO) ការផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះ អាកាសចរណ៍ឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខតាមអ៊ីនធឺណិត។

ភាពជាដៃគូនេះ នឹងជួយគាំទ្រដល់ការកើនឡើងនៃចំនួនយន្តហោះ និងបណ្តាញប្រតិបត្តិការអន្តរជាតិរបស់ Vietjet រួមទាំងជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងទីក្រុងសៀមរាប និងទីក្រុងហាណូយ ព្រមទាំងពង្រឹងសមត្ថភាពផ្នែកបច្ចេកទេស ប្រតិបត្តិការ និងឌីជីថលរបស់ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនបន្តពង្រីកវិសាលភាពរបស់ខ្លួននៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលើឆាកអន្តរជាតិ។

កិច្ចព្រមព្រៀងទាំងនេះ ត្រូវបានប្រកាសឡើងនៅទីក្រុងប៉ារីស ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបារាំងរបស់លោក To Lam អគ្គលេខាធិការ និងជាប្រធានរដ្ឋវៀតណាម។ ព្រឹត្តិការណ៍នេះ បានពង្រឹងកិច្ចសហប្រតិបត្តិការរវាង Vietjet និងដៃគូអន្តរជាតិធំៗទាំងពីរលើវិស័យបច្ចេកវិទ្យាអាកាសចរណ៍ និងអវកាស ព្រមទាំងរួមចំណែកដល់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏ទូលំទូលាយរវាងវៀតណាម និងបារាំង។

ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Thales លើវិស័យថែទាំ និងជួសជុលយន្តហោះ (MRO) បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខតាមអ៊ីនធឺណិត

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមទៅកាន់ប្រទេសបារាំងនៅថ្ងៃទី ១០ ខែកញ្ញា ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Thales បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយស្តីពីសេវាកម្មថែទាំ និងជួសជុលយន្តហោះ (MRO)។ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រប្រភេទ “Repair-By-The-Hour” (RBTH) នេះ ក្រុមហ៊ុន Thales នឹងផ្តល់សេវាកម្មថែទាំគ្រឿងបន្លាស់យ៉ាងទូលំទូលាយសម្រាប់កងយន្តហោះ Airbus របស់ Vietjet ដែលរួមមានម៉ូដែល A320/A321, A321neo/A321XLR, A330 និង A330neo។

ភាពជាដៃគូនេះ នឹងជួយបង្កើនភាពជឿជាក់ផ្នែកបច្ចេកទេស និងលទ្ធភាពនៃការប្រើប្រាស់យន្តហោះ ព្រមទាំងជួយបង្កើនប្រសិទ្ធភាពនៃការចំណាយ និងប្រតិបត្តិការផងដែរ។

លើសពីនេះ ក្រុមហ៊ុន Vietjet និង Thales ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ឌីជីថល ប្រព័ន្ធអេឡិចត្រូនិកអាកាសចរណ៍ (avionics) សន្តិសុខតាមអ៊ីនធឺណិត និងប្រតិបត្តិការអាកាសចរណ៍ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តោតលើការស្វែងយល់ និងការអនុវត្តដំណោះស្រាយបច្ចេកវិទ្យា Cloud ដែលមានសុវត្ថិភាព ការវិភាគទិន្នន័យបែបព្យាករណ៍ (predictive analytics) និងបច្ចេកវិទ្យាគាំទ្រការសម្រេចចិត្តសម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍។

ការស្វែងយល់អំពីសមត្ថភាពថែទាំ ជួសជុល និងត្រួតពិនិត្យឡើងវិញ (MRO) សម្រាប់ម៉ាស៊ីន LEAP ជំនាន់ថ្មី រួមគ្នាជាមួយក្រុមហ៊ុន CFM International

ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន CFM International ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង LOI ដើម្បីវាយតម្លៃលទ្ធភាពនៃការអភិវឌ្ឍដំណោះស្រាយផ្ទាល់ខ្លួនរបស់ Vietjet សម្រាប់សមត្ថភាពថែទាំ ជួសជុល និងត្រួតពិនិត្យឡើងវិញ (MRO) នៃម៉ាស៊ីន LEAP នៅក្នុងប្រទេសវៀតណាម។

យោងតាមលក្ខខណ្ឌនៃលិខិតបង្ហាញពីបំណង (LOI) នេះ ក្រុមហ៊ុន CFM នឹងស្នើកិច្ចព្រមព្រៀងផ្តល់ប្រឹក្សាយោបល់ ដើម្បីផ្តល់សេវាកម្មប្រឹក្សាដល់ Vietjet ពាក់ព័ន្ធនឹងការវាយតម្លៃលើតម្រូវការ MRO របស់ម៉ាស៊ីន សមត្ថភាព ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្ម និងកត្តាផ្សេងៗទៀតក្នុងវិស័យឧស្សាហកម្ម ដែលទាក់ទងនឹងដំណោះស្រាយថែទាំក្នុងស្រុកដែលអាចកើតមានឡើងនៅក្នុងប្រទេសវៀតណាម។

គំនិតផ្តួចផ្តើមនេះ កើតឡើងស្របពេលដែលក្រុមហ៊ុន Vietjet កំពុងពង្រីកកងយន្តហោះជំនាន់ថ្មីដ៏ធំរបស់ខ្លួន។ សមត្ថភាពថែទាំ ជួសជុល និងត្រួតពិនិត្យ (MRO) សម្រាប់ម៉ាស៊ីនយន្តហោះប្រភេទ LEAP នៅពេលអនាគត អាចជួយគាំទ្រដល់ប្រតិបត្តិការរយៈពេលវែងរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ព្រមទាំងជួយប្រទេសវៀតណាមក្នុងការអភិវឌ្ឍសេវាកម្មវិស័យអាកាសចរណ៍ដែលមានតម្លៃខ្ពស់ បណ្តុះបណ្តាលវិស្វករដែលមានគុណវុឌ្ឍិស្តង់ដារអន្តរជាតិ និងពង្រឹងតួនាទីរបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាកាសចរណ៍សកល។

លោក Nguyen Thanh Son នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ «ឧស្សាហកម្មអាកាសចរណ៍ដ៏រឹងមាំមួយ មិនត្រឹមតែមានកងយន្តហោះទំនើប និងបណ្តាញប្រតិបត្តិការដ៏ទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែត្រូវការជំនាញបច្ចេកទេសស៊ីជម្រៅ និងធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ផងដែរ។ កិច្ចសហប្រតិបត្តិការរបស់យើងជាមួយក្រុមហ៊ុន CFM គឺជាផ្នែកដ៏សំខាន់មួយនៃមហិច្ឆតារបស់ Vietjet ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ដ៏ពេញលេញមួយនៅក្នុងប្រទេសវៀតណាម។ យើងសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់សមត្ថភាពថែទាំម៉ាស៊ីនយន្តហោះជំនាន់ថ្មី អភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មកម្រិតពិភពលោក និងជួយឱ្យប្រទេសវៀតណាមអាចដើរតួនាទីកាន់តែសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃអាកាសចរណ៍សកល»។

ស្ថាប័ន CFM បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចាប់តាំងពីក្រុមហ៊ុននេះទទួលបានយន្តហោះ Airbus A320ceo ដើរដោយម៉ាស៊ីន CFM56 ដំបូងគេនៅឆ្នាំ ២០១៤។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងប្រតិបត្តិការយន្តហោះ A320ceo និង A321ceo ចំនួន ៥០ គ្រឿង ដែលបំពាក់ដោយម៉ាស៊ីន CFM56។ ទំនាក់ទំនងថ្មីនេះ កំពុងឈានចូលដល់ដំណាក់កាលថ្មីមួយទៀត តាមរយៈការបញ្ជាទិញយន្តហោះ Boeing 737-8 ចំនួន ២០០ គ្រឿងរបស់ Vietjet នាពេលថ្មីៗនេះ ដែលរួមមានម៉ូដែល 737-8 និង 737-8-200 បំពាក់ដោយម៉ាស៊ីន CFM LEAP-1B។

ការកសាងសមត្ថភាពដើម្បីគាំទ្រដល់កំណើនជាសកលរបស់ Vietjet

ភាពជាដៃគូរវាង CFM International និង Thales បានរួមគ្នាពង្រឹងសមត្ថភាពរបស់ Vietjet លើផ្នែកថែទាំ ជួសជុល និងត្រួតពិនិត្យ (MRO) សម្រាប់ម៉ាស៊ីននិងគ្រឿងបន្លាស់យន្តហោះ បច្ចេកវិទ្យាអាកាសចរណ៍ឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខតាមអ៊ីនធឺណិត ដែលទាំងអស់នេះជួយគាំទ្រដល់ការពង្រីកកងយន្តហោះ និងបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនឱ្យកាន់តែទូលំទូលាយ។

ក្រុមហ៊ុននេះ មានជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរពីប្រទេសកម្ពុជាក្នុងការធ្វើដំណើរទៅកាន់រដ្ឋធានីរបស់ប្រទេសវៀតណាមនិងបន្តជើងហោះហើរទៅកាន់គោលដៅសំខាន់ៗនានាទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ខណៈដែល Vietjet បន្តពង្រីកបណ្តាញហោះហើរ និងត្រៀមខ្លួនបើកដំណើរការជើងហោះហើរដំបូងទៅកាន់ទ្វីបអឺរ៉ុបនៅខែតុលាខាងមុខនេះ ការវិនិយោគរបស់ក្រុមហ៊ុនលើផ្នែកថែទាំ និងជួសជុលយន្តហោះ (MRO) បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអាកាសចរណ៍បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខតាមអ៊ីនធឺណិត នឹងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីគាំទ្រដល់ប្រតិបត្តិការដែលកំពុងរីកចម្រើនរបស់ខ្លួន។

To Top