ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា សន្សំលុយសុទ្ធ ទុកបានជាង ៣ពាន់លានដុល្លារ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល សន្សំលុយសុទ្ធទុក បានចំនួន៣៥០០លានដុល្លារ ជាពិសេសលុយសន្សំទាំងនេះ មិនបានមកបើកប្រាក់បៀវត្សរ៍ ជូនកម្មករនិយោជិត ក្នុងរដូវកាលកូវីដ១៩នោះទេ។

ក្នុងឱកាស អញ្ជើញពិនិត្យ មើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា កាលពីពេលថ្មីៗនេះ មានអ្នកខ្លះ បានដាក់ការងឿងឆ្ងល់ថា តើកម្ពុជា មានប្រាក់សុទ្ធដែរឬទេដែលថា កម្ពុជាមានជាង ៣ពាន់លានដុល្លារនោះ។

សម្ដេចឆ្លើយតបវិញថា “យើងសល់សាច់លុយជាង ៣ពាន់លានដុល្លារ ប្រមាណជា៣៥០០លានដុល្លារ។ យើងមានលទ្ធភាព ដើម្បីនឹងរុញនូវថវិកានោះ ឥឡូវកម្មករ ដែលបានបាត់បង់ការងារធ្វើ កំពុងបើកមួយថ្ងៃៗ មួយម៉ឺនពីរម៉ឺននាក់ តាមធនាគារឯកទេសវីង ហើយចំពោះ ការបើកប្រាក់បៀវត្សរ៍ប្រចាំខែនេះ គ្មានតម្រូវការចាំបាច់ យកអាប្រាក់សន្សំរបស់យើង យកមកប្រើប្រាស់ទេ”។

សម្ដេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ថា ចំណូលចរន្ត ដែលបានមកពីផ្នែក តាមវិស័យនានា យកមកចំណាយចរន្តទៅវិញនោះ គឺគ្រប់គ្រាន់ផងដែរ៕ ដោយ៖ធី លីថូ

To Top