រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ៣ខ្សែ និងសំណង់សិល្បការ្យ នៅខេត្តតាកែវ
តាកែវ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យ ចំនួន ៣ខ្សែស្ថិតនៅក្នុងខេត្តតាកែវ។
ផ្លូវទាំងនោះរួមមាន៖
ខ្សែទី១៖ ជាការដ្ឋានសាងសង់ផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៣.០០គ.ម. ទទឹង ៦ម៉ែត្រ ចាប់ផ្ដើមពីខ្លោងងទ្វារវត្តភ្នំចចកក្នុងភូមិកែវចំរើន ឆ្លងកាត់ ឈើនៀងខ្ពស់ ទៅដល់ភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ដោយមានប្រជាពលរដ្ឋទទួលផលសរុបចំនួន ៤២១គ្រួសារ ស្មើនឹង ១៥ ៥០៥នាក់។ ផ្លូវនេះអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចាប់ផ្ដើមសាងសង់កាលពីខែធ្នូ គិតមកដល់បច្ចុប្បន្នសម្រេចវឌ្ឍនភាពបាន ៨៥% ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ នេះ។
ខ្សែទី២៖ ជាការដ្ឋានសាងសង់ផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) និងកម្រាលបេតុង មានប្រវែងសរុប ៦,០៥២គ.ម. ទទឹង ៥ម៉ែត្រ ចិញ្ចើមម្ខាងៗ ១ម៉ែត្រ តភ្ជាប់ពីសាលាឃុំជើងគួន ទៅដល់ភូមិអង្គចង្អេរ ឃុំជើងគួន ស្រុកសំរោង ដោយឆ្លងកាត់ភូមិចំនួន ៦ភូមិ មានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ០០៤គ្រួសារ ស្មើនឹង ៤ ៥៣៦នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១០ ០៧៤នាក់។ ផ្លូវនេះបើកការដ្ឋានសាងសង់កាលពីខែធ្នូ ឆ្នាំ២០២៥ គិតមកដល់បច្ចុប្បន្នសម្រេចវឌ្ឍនភាពបាន ៥៣% ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ នេះ។
ខ្សែទី៣៖ ជាការដ្ឋានសាងសង់ផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) និងកម្រាលបេតុង មានប្រវែងសរុប ៩,០១២គ.ម. ទទឹង ៦ម៉ែត្រ ចិញ្ចើមម្ខាងៗ ១ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងឃុំលំចង់ ស្រុកសំរោង ទៅភ្ជាប់នឹងផ្លូវជាតិលេខ៣ ក្នងឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ដោយឆ្លងកាត់ភូមិចំនួន ៨ភូមិ មានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៦៨៤គ្រួសារ ស្មើនឹង ៧ ៥២២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ២១ ២២២នាក់។ ផ្លូវនេះបើកការដ្ឋានសាងសង់កាលពីខែធ្នូ ឆ្នាំ២០២៥ គិតមកដល់បច្ចុប្បន្នសម្រេចវឌ្ឍនភាពបាន ៨៥% ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ នេះ។ ខ្សែផ្លូវទី២ និងទី៣នេះ ស្ថិតក្នុងក្រមខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFVAC) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង។
ក្នុងឱកាសចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវនោះ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ ដែលជាអ្នកទទួលផល នៅក្នុងមូលដ្ឋាន ដោយបានជម្រាបជូនអំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ តាមរយៈការលើកកម្រិតគុណភាពផ្លូវឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី បានណែនាំដល់អ្នកទទួលការសាងសង់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស របស់ក្រសួងដើម្បីធានាបានគុណភាពផ្លូវ ក្រោយពេលបញ្ចប់ការស្ថាបនា និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ សូមចូលរួមថែទាំនូវសមិទ្ធផលទាំងនេះ ឱ្យបានគង់វង្ស យូរអង្វែងផងដែរ៕







