ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ចុះពិនិត្យដោយផ្ទាល់ នូវលក្ខណៈបច្ចេកទេសសាងសង់ផ្លូវ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលកំពុងដំណើរការសាងសង់


កណ្ដាល ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងលោកអភិបាលស្រុកពញាឮ ព្រមទាំងមេឃុំឈ្វាំង នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវលក្ខណៈបច្ចេកទេស និងដោះស្រាយផលប៉ះពាល់ដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋលើខ្សែផ្លូវបេតុង ១ខ្សែប្រវែង ១ ០០០ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ តភ្ជាប់ពីភូមិភូមិពង្រ ទៅកាន់ភូមិស្រែអំពិល មានទីតាំងស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ស្ថាបនាដោយកងវិស្វកម្មនៃក្រសួងការពាជាតិ។

ខ្សែផ្លូវមួយខ្សែនេះស្ថាបនា សម្រេចបានវឌ្ឍនភាព ប្រមាណ៩០% ដោយការងារស្ថាបនាតួថ្នល់សម្រេចបាន ១០០%។ ដោយឡែកការងារស្ថាបនាចញ្ចើមផ្លូវ មានការយឺតយ៉ាវ និងមានភ្លៀងធ្លាក់ជោកជាំខ្លាំងជាប់គ្នាផងនោះ ធ្វើឱ្យខ្សែផ្លូវខាងលើនេះរងផលប៉ះពាល់ និងបានធ្វើឱ្យការរំខានចំពោះការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

នាឱកាសនៃការអញ្ជើញចុះពិនិត្យ ដោយផ្ទាល់លោករដ្ឋមន្រ្ដី បានណែនាំឱ្យក្រុមការងារ របស់កងវិស្វកម្មឱ្យពន្លឿនការឈូសឆាយ កៀរសម្អាតដីលើតួរផ្លូវខាងលើផ្លូវឱ្យបានល្អឡើងវិញក្នុងថ្ងៃនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបរ របស់ប្រជាពលរដ្ឋទៅជាធម្មតាឡើងវិញ។ គិតត្រឹមល្ងាចថ្ងៃទី២០ ខែកញ្ញានេះ ក្រុមការងារក្រសួងអភិវឌ្ឍន៍ ក្រោមការបញ្ជាផ្ទាល់ពីលោករដ្ឋមន្ត្រី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ បានដោះស្រាយបញ្ហានេះ បានដោយរលូន និងចប់ជាស្ថាពរ។

សូមគូសបញ្ជាក់ជូនផងដែរថា ក្រសួងនឹងចាត់វិធានការតឹងរឹង ចំពោះការអនុវត្តនូវបទដ្ឋានបច្ចេកទេសសាងសង់ផ្លូវ ដើម្បីកុំឱ្យមានបញ្ហានេះ កើតឡើងជាថ្មីម្តងទៀត នៅពេលក្រោយ៕

To Top