ព័ត៌មានអន្តរជាតិ

អឺរ៉ុបប្រឈមនឹងការខ្វះខាត ការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ យន្តហោះនៅក្នុងត្រីមាសទី៤ ទោះបីជាកូរ៉េខាងត្បូង បានក្លាយជាអ្នកផ្គត់ផ្គង់ធំចុងក្រោយគេក៏ដោយ

បរទេស៖ ទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈសម្រាប់យន្តហោះនៅក្នុងត្រីមាសទី ៤ ទោះបីជាខ្លួនបានងាកទៅរកប្រភពផ្គត់ផ្គង់ពីតំបន់ឆ្ងាយៗ រួមទាំងប្រទេសកូរ៉េខាងត្បូងក៏ដោយ។ ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបង្កើនការនាំចេញប្រេងឥន្ធនៈយន្តហោះទៅកាន់អឺរ៉ុបឱ្យដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំនៅខែកញ្ញានេះ, នេះបើយោងតាមអ្នកវិភាគ និងទិន្នន័យដឹកជញ្ជូន។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា ទ្វីបនេះបាននឹងកំពុងនាំចូលប្រេងឥន្ធនៈយន្តហោះកាន់តែច្រើនពីបណ្តាប្រទេសនានា រួមមាននីហ្សេរីយ៉ា សហរដ្ឋអាមេរិក និងកាណាដា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់កាលពីជាងកន្លះឆ្នាំមុន ដែលបានប៉ះពាល់ដល់ការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា និងបានកាត់ផ្តាច់ការនាំចូលប្រេងឥន្ធនៈយន្តហោះប្រហែលពាក់កណ្តាលរបស់អឺរ៉ុប។

អឺរ៉ុបនៅតែប្រឈមមុខនឹងហានិភ័យខ្ពស់នៃការរំខានដល់ការផ្គត់ផ្គង់បន្ថែមទៀត ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងកើនឡើង។ ក្រុមហ៊ុនប្រឹក្សាយោបល់ Energy Aspects ព្យាករណ៍ថា អឺរ៉ុបនឹងជួបប្រទះការខ្វះខាតប្រេងឥន្ធនៈយន្តហោះចំនួន ៥១០.០០០ បារ៉ែលក្នុងមួយថ្ងៃនៅក្នុងត្រីមាសទី ៤ ខណៈដែលសហរដ្ឋអាមេរិក និងតំបន់អាស៊ី-ប៉ាស៊ីហ្វិកមានអតិរេក (ការផ្គត់ផ្គង់លើសតម្រូវការ) ចំនួន ១៨.០០០ បារ៉ែល និង ៤១៩.០០០ បារ៉ែលក្នុងមួយថ្ងៃរៀងៗគ្នា។ និន្នាការនៅក្នុងត្រីមាសទី ៣ ក៏មានលក្ខណៈស្រដៀងគ្នានេះដែរ។

យោងតាមទិន្នន័យលំហូរនៃការដឹកជញ្ជូន គឺប្រទេសកូរ៉េខាងត្បូងបានក្លាយជាប្រភពផ្គត់ផ្គង់ដ៏ធំចុងក្រោយគេសម្រាប់ប្រេងឥន្ធនៈយន្តហោះទៅកាន់អឺរ៉ុបនៅក្នុងខែកញ្ញានេះ។ យោងតាមក្រុមហ៊ុនផ្តល់ព័ត៌មានផ្នែកទំនិញ Kpler , ការនាំចូលប្រេងឥន្ធនៈនេះពីប្រទេសអាស៊ីមួយនេះមកកាន់អឺរ៉ុបក្នុងខែកញ្ញា មានចំនួន ១២៩.០០០ បារ៉ែលក្នុងមួយថ្ងៃ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ ២០២២ មក ចំណែក ទិន្នន័យពី LSEG ក៏បង្ហាញពីបរិមាណស្រដៀងគ្នានេះដែរ។

ប្រែសម្រួលៈ ណៃ តុលា

To Top