Covid-19

កម្ពុជា រកឃើញ អ្នកឆ្លងកូវីដ ១៩ ម្នាក់ទៀត ហើយ កើតលើបុរស វ័យចំណាស់ជនជាតិអាមេរិកាំង

ភ្នំពេញ៖ រហូតដល់ម៉ោង ៨និង៣០ ព្រឹក ថ្ងៃទី ២៣ មិថុនា ២០២០ កម្ពុជាបានរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ទៀត ជាករណីនាំចូល មកពីអាមេរិកលើបុរសវ័យចំណាស់អាយុ៦៦ឆ្នាំ ដែលបានមកដល់កម្ពុជាកាលពីថ្ងៃ២២មិថុនា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល។

ដូច្នេះសរុបអ្នកឆ្លងកូវីដ-១៩ មានចំនួន ១៣០នាក់ ។ ចំនួនសំរាកនៅពេទ្យកេីន៣នាក់ ចំនួនជាសះស្បេីយសរុប ១២៧នាក់ ដដែល និងស្លាប់គ្មាន ។

បើតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង គឺជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងពលរដ្ឋជាប់ជានិច្ច ដូច្នេះពលរដ្ឋបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បេីមិនចាំបាច់ ព្រោះប្រទេសជិតខាងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។

គ្រប់គ្នាត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ជាដើម។

ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។
ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។

សូមបញ្ជាក់ថា កម្ពុជាបានរកឃេីញករណីជំងឺកូវីដ ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ។
ដោយបានធ្វេីតេស្តចំនួន ៣២២៨១ ស្មេីនឹង ១៩៤៤ក្នុង១លាននាក់៕

To Top