លោក ដូណាល់ ត្រាំ បង្ហាញក្តីបារម្ភជុំវិញការធ្លាក់ថ្លៃប្រាក់យ៉េន ក្នុងជំនួបជាមួយលោកស្រីនាយករដ្ឋមន្ត្រី Takaichi
តូក្យូ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោកស្រី Satsuki Katayama បានទម្លាយឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងក្តីព្រួយបារម្ភអំពីភាពទន់ខ្សោយនៃប្រាក់យ៉េន នៅក្នុងជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងជំនួបក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ (២២ កញ្ញា) លោកស្រីនាយករដ្ឋមន្ត្រី Takaichi បានឯកភាពជាមួយលោក ត្រាំ ថា ការធ្លាក់ថ្លៃហួសហេតុនៃប្រាក់យ៉េន គឺជា «បញ្ហាប្រឈម» ដ៏ធំមួយ។
ការទម្លាយការពិភាក្សាដ៏កម្រនេះ បង្ហាញពីក្តីបារម្ភរួមគ្នារវាងទីក្រុងតូក្យូ និងវ៉ាស៊ីនតោន។ ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាបន្តសហការគ្នាដើម្បីទប់ទល់នឹងភាពប្រែប្រួលខុសប្រក្រតីនៃទីផ្សាររូបិយប័ណ្ណ ខណៈដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន និងអាមេរិក (លោក Scott Bessent) នឹងបន្តធ្វើការជិតស្និទ្ធជាមួយគ្នាលើបញ្ហានេះ។
កំណើនដ៏រឹងមាំនៃប្រាក់ដុល្លារ ធៀបនឹងប្រាក់យ៉េន ត្រូវបានជំរុញដោយទិន្នន័យសេដ្ឋកិច្ចល្អប្រសើររបស់អាមេរិក និងការកើនឡើងទិន្នផលសញ្ញាប័ណ្ណអាមេរិក។ ភាពទន់ខ្សោយនៃប្រាក់យ៉េននេះ កំពុងធ្វើឱ្យជប៉ុនប្រឈមនឹងការកើនឡើងថ្លៃនាំចូលថាមពល (ចំពេលមានសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់) និងហានិភ័យអតិផរណា។ ក្រោយការថ្លែងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន ប្រាក់យ៉េនបានងើបឡើងថ្លៃបន្តិចវិញ ដោយប្រែប្រួលពី ១៥៨,៦០ មកត្រឹម ១៥៨ យ៉េន ក្នុងមួយដុល្លារ។
ប្រែសម្រួល៖ គីរី
