ភ្នំពេញ៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអះអាងថា រហូតមកដល់ពេលនេះ ក្រុមការងារ បានដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋដែលរងគ្រោះ សម្រេចបានចំនួន ៥៨ករណីស្មើ នឹង ១៤៤៩គ្រួសារ ខណ:នៅសល់ចំនួន ៣ករណីទៀត កំពុងដោះស្រាយបន្ត។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តស្ទឹងត្រែង” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ម៉ុម សារឿន បានថ្លែងថា “ការដោះស្រាយវិវាទដីធ្លី សម្រេចបាន ៥៨ករណី ស្មើនឹង១៤៤៩គ្រួសារ ដែលមានការពេញចិត្ត ទទួលយកពីប្រជាពលរដ្ឋ និងកំពុងដោះស្រាយចំនួន ៣ករណីទៀត”។
ចំពោះការដោះស្រាយ គោលនយោបាយសំណងផល ប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍ទំនប់វារី អគ្គិសនីសេសានក្រោម២ ស្ថិតនៅភូមិទាំង៦ នៃឃុំចំនួន៣ ក្នុងស្រុកសេសានមានចំនួន ៨៦០គ្រួសារ ស្មើនឹងពលរដ្ឋរងផល ប៉ះពាល់ចំនួន ៣៩៦០នាក់នោះ លោកបញ្ជាក់ថា បច្ចុប្បន្នការដោះស្រាយនេះ ស្ទើរបញ្ចប់ ១០០ភាគរយ ដោយនៅសេសសល់ តិចតួចគ្រួសារទៀតតែប៉ុណ្ណោះ។
ទាក់ទងការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធជូនពលរដ្ឋ លោកបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រុមការងារសម្រេចបានចំនួន ២៤.៥០០ក្បាលដីហើយ។
សម្រាប់ការពង្រីកបណ្តាញអគ្គិសនី ដល់មូលដ្ឋានរស់នៅ របស់ប្រជាពលរដ្ឋវិញ លោកអភិបាលខេត្ត បញ្ជាក់ថា បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណ ៥០ភាគរយ មានអគ្គិប្រើប្រាស់។
លោកបន្ថែមថា “បច្ចុប្បន្នគ្រួសារ ប្រជាពលរដ្ឋមានអគ្គិសនី ប្រើប្រាស់កើនឡើងដល់ប្រមាណ ៥០% ដែលស្មើនឹងប្រមាណជាង ១៦.០០០គ្រួសារនៃគ្រួសារ ប្រជាពលរដ្ឋទូទាំងខេត្ត”។
ចំណែកទាក់ទងនឹងបញ្ហា ទឹកស្អាតវិញលោកបញ្ជាក់ថា ក្នុងឆ្នាំ២០២១ខាងមុខនេះ ខេត្តនឹងមានរោងចក្រផលិត ទឹកស្អាតអាចផ្គត់ផ្គង់ទឹកបានចំនួន ១២.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ជាគម្រោងវិនិយោគអភិវឌ្ឍន៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
លើសពីនេះទៀត ទាក់ទងជាមួយវិស័យ ទេសចរណ៍លោកបញ្ជាក់ថា រដ្ឋបាលខេត្តកំពុងរៀបចំបង្កើត រមណីយដ្ឋានអេកូទេសចរណ៍ ចំនួន២០កន្លែងបន្ថែម ទៀតដើម្បីទាក់ទាញភ្ញៀវទេសចរនៅ តាមតំបន់មូលដ្ឋានដងទន្លេមេគង្គ ,សេកុង, សេសាន ,ស្រែពក និងនៅតាមសហគមន៍ ជនជាតិដើមភាគតិចផងដែរ។
ជាមួយគ្នានោះ ទាក់ទងជាមួយវិស័យកសិកម្មលោក បញ្ជាក់ថា ខេត្តមានប្រព័ន្ធស្រោចស្រព ចំនួន ១១កន្លែង ប្រវែង ១១.២៨៨ម៉ែត្រ អាងស្តុកទឹកមាន បរិមាណ ២៨លានម៉ែត្រគូប និងមានទំនប់ទ្វារទឹកការពារទឹកជំនន់ ចំនួន៤កន្លែងក្នុងក្រុងស្ទឹងត្រែងផងដែរ។
លោកបន្ថែមថា ចំពោះការលើក កម្ពស់ផលិតផលនិងផលិតកម្ម កសិកម្មសម្រេចបាន ក្នុងនោះមានផ្ទៃដីស្រូវ សម្រាប់ធ្វើស្រែចម្ការសរុបមានចំនួន ២៨.០០០ហិកតា ផ្ទៃដីដាំដំណាំកសិឧស្សាហកម្ម ដូចជា ដាំកៅស៊ូមានផ្ទៃដីសរុបចំនួន ២០.០០០ហិកតា សម្រាប់ដាំស្វាយកែវល្មៀតមានចំនួន ៣.០០០ហិកតា ដាំចេកអំបូងលឿងមាន ៨០០ហិកតា និងផ្ទៃដីសម្រាប់ដាំដំឡូងមីមានចំនួន ១២,០០០ហិកតាផងដែរ។
បន្ថែមពីនេះទៀត ទាក់ទងជាមួយការនេសាទវិញ លោកបញ្ជាក់ថា រយ:ពេលមួយឆ្នាំ ប្រជានេសាទ ប្រមូលផលបានចំនួន ៥ពាន់តោន។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានប្រជាពលរដ្ឋ ស្នើសុំឲ្យបើកច្រកទ្វាព្រំដែន កម្ពុជា-ឡាវ នៅឡើយទេ៕
ដោយ៖ ធី លីថូ