ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាភិបាល CREA សំណូមពរម្ចាស់ដី រាប់សិបហិចតា សូមកុំទុកដីទំនេរ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ ហៅកាត់ថា CREA លោក ឃាង ពុទ្ធី បានថ្លែងនូវការសំណូមពររបស់លោក ឱ្យម្ចាស់ដីទាំងឡាយ ដែលមិនទាន់ប្រើប្រាស់ សូមកុំបន្តទុកចោលទំនេរ ដោយមិនបានធ្វើអ្វី សម្រាប់ផលិតកម្មផ្សេងៗ រាប់ទាំងការដាំដុះ ចិញ្ចឹមសត្វ និងវិនិយោគផ្សេងៗ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាច អង្គារ៍ ទី២៣ ខែមិថុនា ឆ្នាំ២០០២ លោក ឃាង ពុទ្ធី បានលើកឡើងថា ប្រសិនបើម្ចាស់ដី ដែលមានទំហំរាប់សិបហិចតា ហើយទុកចោល ធ្វើសេដ្ឋកិច្ចនិងផលិតកម្ម របស់ប្រទេសជាតិ ដើរទៅយឺត ហើយវាជាទម្លាប់មិនល្អមួយ។ 

លោក ពុទ្ធី បានថ្លែងថា “ប្រសិនម្ចាស់ដីទាំងអស់ហ្នឹង គាត់ដាំដុះបង្កបង្កើនផល ឬក៏ចិញ្ចឹមសត្វ រឺផលិតផលកសិកម្ម ឧស្សាហកម្ម នោះវានឹងជួយធ្វើឱ្យមានសង្វាក់ផលិតកម្ម បង្កើតការងារឱ្យប្រជាពលរដ្ឋ ហើយរួមចំណែកជួយរាជរដ្ឋាភិបាល ក្នុងការធ្វើសេដ្ឋកិច្ច មានការរីកចម្រើនលូតលាស់”។

លោក ក៏សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលមានវិធានការម៉ឺងម៉ាត់ ជួយការពារប្រជាជន និងប្រទេសជាតិ ឱ្យទទួលបានលទ្ធផល ក្នុងការពារពីជម្ងឺកូវីដ១៩ បើទោះបីប្រទេសយើងទទួលរងវិបត្តិសេដ្ឋកិច្ច ហើយជាទូទៅវិបត្តិសេដ្ឋកិច្ច កើតមាននៅជុំវិញពិភពលោក ពោលគឺមិនមានប្រទេសណាមួយរួចផុតនោះទេ។

គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ប្រទេសកម្ពុជា មានករណី កូវីដ១៩ ចំនួន១៣០ករណី និងព្យាបាលជាសះស្បើយចំនួន ១២៧ករណី។

To Top