ស្លូវ៉ាគី ព្យាករណ៍កំណើនសេដ្ឋកិច្ច ១,៨ ភាគរយនៅឆ្នាំ២០២៧ ដែលខ្ពស់ជាងតំបន់ចាយប្រាក់អឺរ៉ូ
ប្រាទីស្លាវ៉ា៖ សេដ្ឋកិច្ចរបស់ប្រទេសស្លូវ៉ាគីត្រូវបានគេរំពឹងថា នឹងកើនឡើង ០,៨ ភាគរយនៅឆ្នាំ ២០២៦ និងកើនឡើងដល់ ១,៨ ភាគរយនៅឆ្នាំ ២០២៧ នេះបើយោងតាមការព្យាករណ៍ម៉ាក្រូសេដ្ឋកិច្ចចុងក្រោយបំផុត ដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុស្លូវ៉ាគី។
ក្រសួងបានបញ្ជាក់ថា សេដ្ឋកិច្ចនឹងមានភាពប្រសើរឡើងក្នុងកម្រិតមធ្យម ទោះបីជាមានសម្ពាធពីខាងក្រៅបន្តកើតមានក៏ដោយ រួមទាំងភាពតានតឹងផ្នែកពាណិជ្ជកម្ម វិបត្តិថាមពល ពន្ធគយរបស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃសមត្ថភាពប្រកួតប្រជែងនៅទូទាំងសហភាពអឺរ៉ុប។
ការងើបឡើងវិញនៃការប្រើប្រាស់របស់គ្រួសារ និងការនាំចេញត្រូវបានគេរំពឹងថានឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច ខណៈដែលការពង្រីកផលិតកម្មជាបន្តបន្ទាប់នៅរោងចក្រផលិតរថយន្ត Volvo ក្នុងប្រទេសស្លូវ៉ាគី នឹងផ្តល់នូវកម្លាំងជំរុញដ៏សំខាន់មួយ។
អត្រាអតិផរណាក៏ត្រូវបានគេព្យាករណ៍ថា នឹងថយចុះផងដែរ ដោយអត្រាប្រចាំឆ្នាំនឹងធ្លាក់ចុះពី ៣,៧ ភាគរយនៅឆ្នាំនេះ មកនៅត្រឹម ២,៩ ភាគរយនៅឆ្នាំ ២០២៧។ ក្រសួងបានលើកឡើងថា ការបន្តអនុវត្តកម្មវិធីជំនួយថាមពលសម្រាប់គ្រួសារ ក៏នឹងជួយទប់ស្កាត់ការកើនឡើងនៃតម្លៃទំនិញផងដែរ។
ប្រាក់ចំណូលជាក់ស្តែងរបស់គ្រួសារក៏ត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងដែរ។ ប្រាក់ឈ្នួលជាមធ្យម ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤,៥ ភាគរយនៅឆ្នាំនេះ ខណៈដែលប្រាក់ឈ្នួលជាក់ស្តែង ដែលបានកែសម្រួលតាមអត្រាអតិផរណា ត្រូវបានគេរំពឹងថានឹងកើនឡើង ១,៤ ភាគរយនៅឆ្នាំក្រោយ៕
ប្រែសម្រួល ឈូក បូរ៉ា
