កាតា បញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីផ្សះផ្សាភាពខុសគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្ត
ដូហា៖ ប្រទេសកាតា បានប្រកាសថា កិច្ចប្រជុំ និងការទាក់ទងគ្នា ដែលមានគោលបំណងផ្សះផ្សាភាពខុសគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តដំណើរការ ដោយទីក្រុងដូហាដើរតួនាទីជាអ្នកបញ្ជូនសាររវាងភាគីទាំងពីរ និងព្យាយាមស្វែងរកចំណុចរួមឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី។
លោក Majed Al Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់ក្រសួងថា មានកិច្ចប្រជុំ និងការផ្លាស់ប្តូរសារជាច្រើនបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងកិច្ចប្រជុំនៅទីក្រុងញូវយ៉កផងដែរ។
លោក Al Ansari បានលេីកឡេីងថា «កិច្ចខិតខំប្រឹងប្រែងនៅពេលនេះ គឺផ្តោតលើការកសាងចំណុចរួមរវាងភាគីទាំងឡាយ»។
លោកបានបញ្ជាក់ថា កាតានឹងបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួន ដោយធ្វើការដើម្បីកាត់បន្ថយភាពខុសគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ព្រមទាំងសម្រួលដល់ការទំនាក់ទំនងរវាងភាគីទាំងពីរ។
លោកបានបន្ដថា «តួនាទីរបស់យើងគឺការជំនះរាល់ការលំបាក និងព្យាយាមផ្សារភ្ជាប់គម្លាតរវាងភាគីទាំងឡាយ ហើយនេះគឺជាអ្វីដែលកំពុងកើតឡើងនៅពេលនេះ»។ លោកបានបន្ថែមថា កិច្ចប្រជុំនានានៅតែបន្ត ហើយសារក៏នៅតែត្រូវបានបញ្ជូនទៅវិញទៅមករវាងភាគីទាំងពីរផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
