ព័ត៌មានជាតិ

មេសហជីព៖ បើពន្យាពេលចរចា ប្រាក់ឈ្នួលនឹងធ្វើឲ្យប៉ះពាល់ កម្មករកាន់តែខ្លាំង

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធចលនា សហជីពកម្មករកម្ពុជា បានលើកឡើងថា ប្រសិនបើមានការពន្យាពេល ចរចាប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់កម្មករនៅឆ្នាំ២០២១ នឹងធ្វើឲ្យប៉ះពាល់ដល់ កម្មករនយោជិត កាន់តែខ្លាំងឡើងៗ។

ការលើកឡើង របស់លោកប៉ាវ ស៊ីណា បែបនេះ បន្ទាប់ពីសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានចេញសេចក្តីប្រកាសថា គួរតែពន្យាពេលការចរចាប្រាក់ឈ្នួល អប្បបរមាថ្មី សម្រាប់ឆ្នាំ២០២១ខាងមុខនេះ ដោយហេតុថា បច្ចុប្បន្នស្ថិតក្នុងកាលៈទេសៈដែលវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងកំពុងមានភាពផុយស្រួយ និងមាន ភាពមិនច្បាស់លាស់ ក្នុងការវិលត្រឡប់មករកសភាពដើមវិញ ដោយសារវិបត្តិកូវីដ១៩វាយប្រហារខ្លាំង។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ប្រកាសពីការចរចាប្រាក់ឈ្នួល ចាប់ផ្តើមពីខែកក្កដា ខាងមុខនេះ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ប៉ាវ ស៊ីណា ថា ថ្មីៗនេះ ក្រសួងការងារបានចេញដីប្រកាស ពន្យាពេលនៃការបើកប្រាករំលឹកអតីតភាពការងារ មុនឆ្នាំ២០១៩ រួមទាំងប្រាក់បំណាច់ ការងារឆ្នាំ២០២០ ឬក៏ឲ្តអនុវត្តន៍នៅឆ្នាំ២០២១ខាងមុខ ខណៈកម្មករនយោជិត កំពុងប្រឈមមុខនឹង ការខ្វះខាតជីវភាព ដោយសារការ ព្យួរការងារ ដែលធ្វើឲ្យកម្មករទទួលប្រាក់ឈ្នួល បន្តិចបន្តួចមិនអាចដោះស្រាយ ជីវភាពរស់នៅ របស់ពួកគេបាន។

លោកឲ្យដឹងទៀតថា បញ្ហានេះ ធ្វើឲ្យកម្មករប្រឈម បញ្ហាហើយ ចុះបើពន្យារពេលចរចាប្រាក់ឈ្នួលទៀត នឹងធ្វើឲ្យពួកគេជួបបញ្ហាទ្វេដង។

ប្រធានសម្ព័ន្ធចលនាសហជីពកម្មកបន្ថែមថា “ដូច្នេះខ្ញុំគិតថាកម្មករ គឺរឹតតែមានការខាតបង់ ខណៈបញ្ហាប្រឈមរបស់គាត់នៅមិនទាន់មានភាពល្អប្រសើរ ។យើងឃើញបន្ទុកគាត់កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ដូច្នេះខ្ញុំគិតថា ការផ្អាក ការចចារប្រាក់ឈ្នួលនេះវាគឺរូបភាព មួយបង្ហាញឲ្យឃើញថា ទិដ្ឋភាព បងប្អូនយើងនឹងកាន់ប្រឈមមុខកាន់តែធ្ងន់ធ្ងរបន្ថែមទៀត”។

លោកសង្កត់ធ្ងន់ថា ប្រសិនបើការចរចាប្រាក់ឈ្នួលខាងមុខ មិនអាចដំណើរការទៅបាន ហើយផល ប្រយោជន៍ដែលមានស្រាប់កាន់តែមានការបាត់បង់ ។នោះបញ្ហាទាំងអស់ នឹងធ្វើឲ្យកាន់តែមានភាព ស្មុគស្មាញ ហើយផលលំបាកនឹងធ្លាក់បន្ទុកទៅលើកម្មករនយោជិតកាន់តែខ្លាំងឡើងៗបន្ថែមទៀតផងដែរ៕ ដោយ៖ធី លីថូ

To Top