Feature

លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស ចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងបាត់ដំបង

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ព្រមទាំងអភិបាលស្រុកសង្កែ និងស្រុកកោះក្រឡអញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ ដែលបានរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងបាត់ដំបង ដែលមានដូចខាងក្រោម៖

ខ្សែទី១៖ ឈ្មោះផ្លូវបោះពោធិ៍ – សំរោងកោងទួលល្វៀង ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ៩,៦០គ.ម. ចាប់ផ្ដើមពីពីភូមិបោះពោធិ៍ ទៅដល់ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ។ ខ្សែផ្លូវនេះ ត្រូវបានទឹកជន់លិចអស់ប្រវែង ៨គ.ម. ដោយត្រូវបានទឹកហូរច្រោះ បាក់តាមជើងទេរ និងកន្លែងផ្សេងទៀតត្រូវទឹកហូរកាត់តួផ្លូវ ដែលបណ្ដាលឱ្យផ្អាកការធ្វើចរាចរណ៍រថយន្ដជាបណ្តោះអាសន្ន។

-ខ្សែផ្លូវទី២៖ ឈ្មោះផ្លូវដំបូកខ្ពស់-វត្តកណ្ដាល ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១៤,៦២គ.ម. ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិដំបូកខ្ពស់ ឃុំរាំងកេសី ទៅដល់វត្តកណ្ដាល ឃុំអូរដំបង២ ស្រុកសង្កែ ដែលបានបញ្ចប់ការសាងសង់កាលពីខែសីហា ឆ្នាំ២០២៥។ ខ្សែផ្លូវនេះ ត្រូវបានទឹកជន់លិចអស់ប្រវែងប្រហែល ៣គ.ម. ដោយត្រូវបានទឹកហូរច្រោះ បាក់តាមជើងទេរជាច្រើនកន្លែង និងមានការហូរកាត់តួផ្លូវ ១កន្លែងផងដែរ ដែលបណ្ដាលឱ្យមានការផ្អាកធ្វើចរាចរណ៍រថយន្ដជាបណ្តោះអាសន្ន។

-ខ្សែផ្លូវទី៣៖ ឈ្មោះផ្លូវ រ៉ា – ស្ពាន ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដែលទើបស្ថាបនាក្នុងឆ្នាំ២០២៥ ប្រវែង ១៤,១០គ.ម. ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិរ៉ា ឃុំធិបតី ទៅដល់ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ដែលបានបញ្ចប់ការសាងសង់កាលពីខែសីហា ឆ្នាំ២០២៥។ ខ្សែផ្លូវនេះ ត្រូវបានទឹកជន់លិចអស់ប្រវែងប្រហែល ៦,០០គ.ម. ដោយត្រូវបានទឹកហូរច្រោះ បាក់តាមជើងទេរដោយកន្លែង និងមានការហូរកាត់តួផ្លូវ ២កន្លែង មានប្រវែងសរុបប្រហែល ៧ម៉ែត្រ ដែលបណ្ដាលឱ្យផ្អាកការធ្វើចរាចរណ៍រថយន្ដជាបណ្តោះអាសន្ន។

តាមរយៈការពិនិត្យផលប៉ះពាល់ជាក់ស្ដែងលោករដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក និងឃុំធ្វើការដោះស្រាយសម្រួលចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋដោយរៀបចំធ្វើផ្លូវវាង ឬស្ពានឈើបណ្តោះអាសន្ន ស្រង់ទិន្នន័យវាយតម្លៃផលប៉ះពាល់ និងត្រូវពិនិត្យលទ្ធភាពបច្ចេកទេស ដើម្បីធ្វើការជួសជុល និងស្ដារលើកម្រិតគុណភាពផ្លូវនេះឡើងវិញនៅពេលទឹកស្រក ក្នុងស្មារតីបង្ការហានិភ័យនៅថ្ងៃអានគត៕

To Top