ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ក្នុងការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំបំផុតនៅឥណ្ឌូនេស៊ី
ទីក្រុងហ្សាការតា៖ នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំបំផុតរហូតមកដល់បច្ចុប្បន្ន ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា នេះ បានប្រកាសតែងតាំងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីឧស្សាហកម្មថ្មី ព្រមទាំងតំណែងសំខាន់ៗជាច្រើនរូបទៀត។ ការផ្លាស់ប្តូរនេះធ្វើឡើងក្នុងរយៈពេលមិនដល់បីសប្តាហ៍ផង បន្ទាប់ពីលោកទើបតែបានតែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីកាលពីពេលថ្មីៗនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ជុំវិញការរុះរើគណៈរដ្ឋមន្ត្រីនេះ មានចំណុចសំខាន់ៗដូចជា រដ្ឋមន្ត្រីការបរទេសថ្មី អ្នកការទូតជើងចាស់ លោក Arrmanatha Nasir ដែលជាអតីតតំណាងអចិន្ត្រៃយ៍ឥណ្ឌូនេស៊ីប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស ជំនួសតំណែងលោក Sugiono។ ការប្តូរតំណែងលោក Sugiono អតីតរដ្ឋមន្ត្រីការបរទេស លោក Sugiono ត្រូវបានផ្លាស់ប្តូរទៅកាន់តំណែងជា រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការអភិវឌ្ឍន៍មនុស្ស និងវប្បធម៌។
រដ្ឋមន្ត្រីឧស្សាហកម្មថ្មី លោក M. Sarmuji ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដោយចូលជំនួសលោក Agus Gumiwang Kartasasmita។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការនយោបាយ និងសន្តិសុខ៖ លោក Dudung Abdurachman អតីតនាយសេនាធិការការិយាល័យប្រធានាធិបតី និងជាអតីតមេបញ្ជាការកងទ័ពជើងគោក ត្រូវបានតែងតាំងសម្រាប់តំណែងដ៏មានឥទ្ធិពលមួយនេះ។
តំណែងរដ្ឋមន្ត្រីថ្មី (ការកែច្នៃក្នុងស្រុក និងថាមពល) លោក Bahlil Lahadalia ត្រូវបានតែងតាំងជា រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការកែច្នៃខ្សែចង្វាក់ផលិតកម្ម (Downstreaming) និងអន្តរកាលថាមពល ដែលនេះគឺជាមុខតំណែងថ្មីសន្លាងមួយនៅក្នុងរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រីរបស់ឥណ្ឌូនេស៊ី ដើម្បីជំរុញគោលនយោបាយសេដ្ឋកិច្ចក្នុងស្រុក។ ក្រៅពីនេះ ការតែងតាំងក៏បានគ្របដណ្តប់ទៅលើតំណែងអនុរដ្ឋមន្ត្រី និងប្រធានទីភ្នាក់ងាររដ្ឋមួយចំនួនទៀតផងដែរ ដូចជាការតែងតាំង លោក Listyo Sigit Prabowo ជាប្រធានការិយាល័យបុគ្គលិកប្រធានាធិបតី លោក Muhammad Saleh Mustafa ជាអនុរដ្ឋមន្ត្រីកសិកម្ម និងលោក Irwan Meilano ជាអនុរដ្ឋមន្ត្រីកិច្ចការសមុទ្រ និងជលផល ជាដើម។ ការផ្លាស់ប្តូរនេះត្រូវបានអ្នកវិភាគមើលឃើញថា ជាការរៀបចំរចនាសម្ព័ន្ធដឹកនាំឡើងវិញ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលលោក ប្រាបូវ៉ូ។
ប្រែសម្រួល៖ គីរី
