Feature

ឥណ្ឌាក្រោមការដឹកនាំរបស់លោក ម៉ូឌី ហ៊ានប្រឈមមុខនឹងលោក ត្រាំ កាន់តែចំហ ចាប់ពីបញ្ហា «ភេរវកម្ម» រហូតដល់ពន្ធគយ

ទីក្រុងញូវដេលី៖ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar បានធ្វើការវាយតម្លៃចំៗចំពោះសហរដ្ឋអាមេរិកថា គឺជាដៃគូដែលមិនខ្វល់ខ្វាយចំពោះក្តីបារម្ភរបស់ឥណ្ឌាជុំវិញបញ្ហា «ភេរវកម្ម» បានងាកទៅរកភាពស្និទ្ធស្នាលជាមួយប្រទេសប៉ាគីស្ថានដែលជាសត្រូវស៊ូពូជរបស់ខ្លួន និងបានអនុវត្តគោលនយោបាយពាណិជ្ជកម្មបែប «គិតតែពីប្រយោជន៍ខ្លួនឯង» ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសនៅតំបន់សកលខាងត្បូង នេះបើតាមការចេញផ្សាយពី AlJazeera ថ្ងៃទី១​ ខែតុលា ឆ្នាំ២០២៦។

អ្នកវិភាគលើកឡើងថា សំឡេងរិះគន់នេះបង្ហាញពីរបត់ថ្មីមួយនៅក្នុងរបៀបដែលទីក្រុងញូវដេលីកំពុងដោះស្រាយជាមួយទីក្រុងវ៉ាស៊ីនតោនក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ នៅចំពេលដែលមានការកើនឡើងនូវភាពតានតឹងទ្វេភាគីរវាងរដ្ឋធានីទាំងពីរ។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសឥណ្ឌាតែងតែដោះស្រាយបញ្ហាចម្រូងចម្រាសជាមួយប្រជាជាតិជាមិត្តដោយស្ងៀមស្ងាត់នៅពីក្រោយខ្នង ដោយជៀសវាងការធ្វើឱ្យមានការចាប់អារម្មណ៍ជាសាធារណៈ។ នេះគឺជាវិធីសាស្ត្រពិសេសដែលទីក្រុងញូវដេលីតែងតែអនុវត្តជាមួយទីក្រុងវ៉ាស៊ីនតោន ជាទីដែលទំនាក់ទំនងនេះទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីគណបក្សទាំងពីររបស់អាមេរិក។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានភាពតានតឹងអស់ជាច្រើនខែ ទីក្រុងញូវដេលីកំពុងងាកមកប្រើប្រាស់សំឡេងរិះគន់ជាសាធារណៈកាន់តែខ្លាំងចំពោះទីក្រុងវ៉ាស៊ីនតោន ដើម្បីឆ្លើយតបទៅនឹងភាពប្រែប្រួល និងភាពមិនប្រាកដប្រជា ដែលប្រធានាធិបតី ដូណាល់ ត្រាំ បាននាំយកមកកាន់សេតវិមាន។

ការផ្លាស់ប្តូរជំហររបស់ទីក្រុងញូវដេលីនេះ ក៏កើតឡើងចំពេលដ៏សំខាន់សម្រាប់នាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលកំពុងប្រឈមមុខនឹងសម្ពាធក្នុងស្រុកកាន់តែខ្លាំង រួមទាំងការរិះគន់ពីគណបក្សប្រឆាំង ជុំវិញការចោទប្រកាន់ថាលោកបានឱនក្បាលចុះញ៉មចំពោះសម្ពាធរបស់អាមេរិកម្តងហើយម្តងទៀត។

កាលពីថ្ងៃពុធ លោក ម៉ូឌី បានសន្ទនាតាមទូរសព្ទជាមួយលោក ត្រាំ ដែលនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះចាត់ទុកថាជាការពិភាក្សាប្រកបដោយផ្លែផ្កា នេះគឺជាការប្រើប្រាស់ពាក្យពេចន៍ផ្លូវការ និងហាក់មានភាពឃ្លាតឆ្ងាយ ខុសស្រឡះពីការពណ៌នារបស់លោកដែលធ្លាប់ហៅប្រធានាធិបតីអាមេរិករូបនេះថាជា «មិត្តល្អ» កាលពីប៉ុន្មានឆ្នាំមុន។

លោក Chietigj Bajpaee អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកអាស៊ីខាងត្បូងនៅវិទ្យាស្ថានស្រាវជ្រាវ Chatham House បានថ្លែងថា ការលើកឡើងរបស់លោក Jaishankar «ជាការវាយតម្លៃដោយត្រង់ៗ» អំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងឥណ្ឌា អាមេរិក។ លោកបានបញ្ជាក់ថា៖ «វាច្បាស់ណាស់ថា ភាពល្អូកល្អឺននៃទំនាក់ទំនងទ្វេភាគីនេះបានធ្លាក់ចុះ បន្ទាប់ពីឥណ្ឌាធ្លាប់ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុទិដ្ឋិនិយមបំផុត ចំពោះការកាន់តំណែងអាណត្តិទីពីររបស់លោក ត្រាំ កាលពីដំបូងឡើយ។»

ប្រែសម្រួល៖ គីរី

To Top