ព័ត៌មានអន្តរជាតិ

កាសែត Financial Times ផ្សាយថា ប្រទេសអេស្តូនី ដែលជាសមាជិករបស់អង្គការណាតូ កំពុងត្រៀមដាក់ពង្រាយអាវុធដែលអាចវាយប្រហារទីក្រុង St. Petersburg របស់រុស្ស៊ី

បរទេស៖ កាសែត Financial Times បានរាយការណ៍ថា ប្រទេសអេស្តូនី ដែលជាសមាជិករបស់អង្គការណាតូ កំពុងត្រៀមដាក់ពង្រាយអាវុធដែលអាចវាយប្រហារទីក្រុង St. Petersburg របស់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា ចំពេលដែលមានព័ត៌មានមិនពិត និងការផ្សព្វផ្សាយព័ត៌មានបំភាន់ក្នុងកម្រិតមួយមិនធ្លាប់មានពីសំណាក់ សមាជិកអឺរ៉ុបរបស់អង្គការណាតូ (NATO), ទីក្រុង Tallinn (ប្រទេសអេស្តូនី) បានបង្ហាញផែនការពង្រឹងសមត្ថភាពយោធានេះថា ជាវិធានការទប់ស្កាត់មួយ ក្នុងករណីដែលទីក្រុងមូស្គូមានបំណង «សាកល្បង» អង្គការណាតូ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ខ្លួនគ្មានបំណងវាយប្រហារសម្ព័ន្ធយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ។ ទីក្រុងមូស្គូក៏បានព្រមានផងដែរថា រាល់ជម្លោះផ្ទាល់ជាមួយអង្គការណាតូ ទំនងជានឹងឈានទៅរកសង្គ្រាមនុយក្លេអ៊ែរ។

កាសែតរបស់ចក្រភពអង់គ្លេសមួយនេះបានរាយការណ៍កាលពីថ្ងៃចន្ទថា អេស្តូនីកំពុងដាក់ពង្រាយកងទ័ពបន្ថែមនៅតាមបណ្តោយព្រំដែនរុស្ស៊ី និងកំពុងទិញប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រដែលអាចបាញ់ទៅដល់ទីក្រុង St. Petersburg។ ប្រព័ន្ធទាំងនោះរួមមាន ប្រព័ន្ធបាញ់មីស៊ីល HIMARS របស់សហរដ្ឋអាមេរិក និងប្រព័ន្ធ Chunmoo របស់កូរ៉េខាងត្បូង ដែលសុទ្ធតែអាចបាញ់គ្រាប់មីស៊ីលក្នុងរយៈចម្ងាយឆ្ងាយបាន។

យោងតាមរបាយការណ៍ដដែល អេស្តូនីក៏បានធ្វើសមយុទ្ធរួមគ្នាជាមួយព្រីតថេន (ចក្រភពអង់គ្លេស) ក្នុងអំឡុងពេលសមយុទ្ធ “Spring Storm” ឆ្នាំនេះ ដោយប្រើប្រាស់យន្តហោះដ្រូនប្រភេទ kamikaze (ដ្រូនបំផ្ទុះខ្លួនឯង) ដែលអាចហោះហើរពីទឹកដីអេស្តូនីទៅដល់ទីក្រុងធំទីពីររបស់រុស្ស៊ីបានផងដែរ។

ប្រែសម្រួលៈ តុលា

To Top