Feature

របាយការណ៍សន្តិសុខអ៊ិនធឺណិតអាមេរិក ហេគឃ័រនិយាយភាសាចិន ប្រើប្រាស់ប្រព័ន្ធ AI កម្រិតខ្ពស់ វាយលុកប្រព័ន្ធធនាគារកូរ៉េខាងត្បូង

សេអ៊ូល៖ ក្រុមហ៊ុនសន្តិសុខអ៊ិនធឺណិតអាមេរិក CrowdStrike បានបញ្ជាក់ថា ហេគឃ័រមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលគេជឿថាជាអ្នកនិយាយភាសាចិន បានប្រើប្រាស់ឧបករណ៍ហែកឃីងដើរដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីវាយលុកចូលស្ថាប័នហិរញ្ញវត្ថុជាច្រើននៅកូរ៉េខាងត្បូង និងលួចយកទិន្នន័យ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី៨​ ខែតុលា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍កាលពីថ្ងៃពុធ ហេគឃ័របានប្រើប្រាស់ ARTEX ដែលជាឧបករណ៍សាកល្បងការជ្រៀតចូលប្រព័ន្ធ (Penetration-testing tool) ដើរដោយ AI បង្កើតឡើងនៅប្រទេសចិន រួមជាមួយនឹងម៉ូដែលភាសាខ្នាតធំ (LLMs) ដើម្បីបើកការវាយប្រហារតាមអ៊ីនធឺណិត ចន្លោះពីចុងខែកញ្ញា ដល់ដើមខែតុលា។

ការរកឃើញនេះកើតឡើងស្របពេលដែលមានការបែកធ្លាយទិន្នន័យជាបន្តបន្ទាប់នៅតាមធនាគារកូរ៉េខាងត្បូង ដូចជា Hana Bank, KB Kookmin Bank និង Shinhan Bank។ ប្រព័ន្ធដែលរងការវាយលុករួមមាន សេវាកម្មសាកសួរព័ត៌មានឥណទានសម្រាប់ភ្នាក់ងារហិរញ្ញវត្ថុ និងប្រព័ន្ធទូរស័ព្ទគាំទ្រការងារសម្រាប់បុគ្គលិកធនាគារ។

អត្តសញ្ញាណ និងប្រភពដើម៖ CrowdStrike មានភាពជឿជាក់ក្នុងកម្រិតមធ្យមថា ជនល្មើសគឺជាអ្នកនិយាយភាសាចិន ដោយសារការប្រើប្រាស់ឧបករណ៍ ARTEX របស់ចិន និងការបញ្ជា (Prompts) ជាភាសាចិន។ ហេគឃ័របានប្រើប្រាស់ម៉ូដែល AI ដូចជា DeepSeek v4.1-flash, GLM-5.3 និង Grok 4.6 តាមរយៈប្រព័ន្ធ Claude Code។

នៅក្នុងការសន្ទនាតាមរយៈ Claude Code ជនល្មើសបានបញ្ជាឱ្យ AI សរសេរប្រវត្តិរូបសង្ខេប (Resume) ជាអ្នកស្រាវជ្រាវផ្នែកសន្តិសុខ ដោយប្រើព័ត៌មានផ្ទាល់ខ្លួនរួមមាន អាយុ ២៦ ឆ្នាំ និងប្រវត្តិសិក្សានៅសាកលវិទ្យាល័យ South China University of Technology ក្នុងខេត្តក្វាងតុង ប្រទេសចិន។ ម៉ាស៊ីនមេ (Servers) ចំនួនពីរត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារ គឺមួយស្ថិតនៅទីក្រុងហុងកុងដើរតួជាហេដ្ឋារចនាសម្ព័ន្ធគោល និងមួយទៀតសម្រាប់ផ្ទុកកម្មវិធី ARTEX។

តាមរយៈការវិភាគលើឯកសារ ជនល្មើសបានសួរស្វែងរកតាមរយៈ Claude អំពីទីផ្សារងងឹត និងក្រុម Telegram ដែលមានការទិញលក់ទិន្នន័យលួចបានពីកូរ៉េខាងត្បូង ដែលនេះបញ្ជាក់ឱ្យឃើញពីចេតនាចង់បានប្រាក់ចំណេញ។ យ៉ាងណាមិញ អត្តសញ្ញាណពិតប្រាកដរបស់ហេគឃ័រ ទំហំនៃការខូចខាត និងចំនួនទិន្នន័យដែលត្រូវបានលួច នៅមិនទាន់ត្រូវបានបញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយទេ ខណៈអាជ្ញាធរហិរញ្ញវត្ថុ និងអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងកំពុងបន្តនីតិវិធីស្រាវជ្រាវ។

ប្រែសម្រួល៖​ គីរី 

To Top