លោកស្រី ភឿង សកុណា ៖ ការប្រើប្រាស់ស្បៃ បង្ហាញពីភាពថ្លៃថ្នូររបស់ស្ត្រីខ្មែរ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីភឿង សកុណា បានគូសបញ្ជាក់ថា ការប្រើប្រាស់ស្បៃមិនមែនគ្រាន់តែជាការតុបតែងលម្អសម្រស់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជានិមិត្តរូប បង្ហាញពីភាពថ្លៃថ្នូរ និងអត្តសញ្ញាណរបស់ស្ត្រីខ្មែរ។
ក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពី ស្បៃខ្មែរ និងការប្រើក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ លោកស្រី ភឿង សកុណាថ្លែងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានស្គាល់កាន់តែច្បាស់អំពីស្បៃខ្មែរ ដែលជាផ្នែកមួយនៃសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ផ្សារភ្ជាប់ជាមួយនឹងជីវិតរស់នៅក្នុងទំនៀមទម្លាប់ ប្រពៃណី ជំនឿ ជាពិសេសក្នុងពិធីមង្គលការ និងពិធីបុណ្យប្រពៃណីផ្សេងៗ។

លោកស្រីថា ការប្រើប្រាស់ស្បៃ មិនមែនគ្រាន់តែជាការតុបតែងលម្អសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យជានិមិត្តរូប បង្ហាញពីភាពថ្លៃថ្នូរ និងអត្តសញ្ញាណរបស់ស្ត្រីខ្មែរ ព្រមទាំងបង្ហាញពីភាពសម្បូរបែបនៃសិល្បៈ ប្រពៃណីនិង បេតិកភណ្ឌវប្បធម៌ជាតិ ។
ការបញ្ជាក់ពីភាពថ្លៃថ្នូរ និងអត្តសញ្ញាណរបស់ស្ត្រីខ្មែរនេះ ត្រូវបានរដ្ឋមន្រ្តីពន្យល់ពីការប្រើប្រាស់ស្បៃរបស់ស្រ្តីខ្មែរនេះថា មានតាំងពីប៉ុន្មានពាន់ឆ្នាំមុនមកម្ល៉េះដែលព្រះបាទហ៊ុន ទៀន មានដើមកំណើតជាជនជាតិឥណ្ឌាមករៀបអភិសេកជាមួយព្រះនាងលីវ យីរបស់ខ្មែរ ដែលការរៀបអភិសេករវាងប្រទេសទាំងពីរមានភាពខុសប្លែកគ្នា ត្រង់ថា ការរៀបអាពាហ៍ពិពាហ៍នៅឥណ្ឌាមនុស្សស្រីត្រូវតោងស្បៃមនុស្សប្រុស ប៉ុន្តែនៅពេលព្រះបាទហ៊ុន ទៀន មករៀបអភិសេកជាមួយព្រះនាងលីវ យី ឬព្រះនាងសោម ឬព្រះនាងនាគនោះ ត្រូវព្រះបាទហ៊ុន ទៀន តោងស្បៃព្រះនាងលីវ យីទៅវិញ ។
ត្រង់ចំណុចនេះ លោកស្រីអះអាងថា តម្លៃស្រ្តីខ្មែរមានយ៉ាងមហិមា ខណៈនៅទូទាំងពិភពលោកមកដល់បច្ចុប្បន្ននេះ មិនទាន់ត្រូវបានរកឃើញថា មានប្រទេសណាមួយត្រូវបានបុរសតោងស្បៃស្រ្តីនៅថ្ងៃរៀបអាពាហ៍ពិពាហ៍នោះទេ ។
លោកស្រី ភឿង សកុណា សង្កត់ធ្ងន់ថា “មនុស្សប្រុសមួយរូបតោងស្បៃកូនស្រីនេះ គឺបង្ហាញនូវភាពជឿជាក់ដោយសារនគរខ្មែរមាតាប្រជាធិបតេយ្យ ។ នេះជាអ្វីដែលមានរហូតមកដល់ឥឡូវដែលខ្មែរទុកមេជាធំ ជាមាតាធិបតេយ្យ គឺការតោងស្បៃបង្ហាញពីភាពជឿជាក់នៅក្នុងការផ្តល់គ្រួសារនូវការគ្រប់គ្រងរបស់កូនស្រី”។
សូមបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌ខ្មែរនេះ បន្ទាប់ពីប្រទេសថៃអះអាងថា ស្បៃខ្មែរជារបស់ខ្លួន ៕
