ក្រសួងឧស្សាហកម្ម ជំរុញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាជប៉ុន ក្នុងវិស័យទឹកស្អាតរបស់កម្ពុជា
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៧ តុលា បានទទួលជួបគណៈប្រតិភូទីក្រុងគីតាឃ៊្យូស៊ូ ប្រទេសជប៉ុន ដឹកនាំដោយលោក Keisuke Tachi អភិបាលរងក្រុង ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគ។
លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ទឹកស្អាតជាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសហគមន៍ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគ និងនាំយកបច្ចេកវិទ្យាមកកម្ពុជា ជាពិសេសដើម្បីគាំទ្រប្រតិបត្តិករទឹកស្អាតឯកជន និងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ថ្មីៗបន្ថែមទៀត។
លោក ហែម វណ្ណឌី បានលើកឡើងថា «យើងស្វាគមន៍ការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាពីក្រុមហ៊ុនជប៉ុន។ យើងត្រូវការដំណោះស្រាយជាក់ស្តែង ដែលអាចធានាបានទាំងនិរន្តរភាពអាជីវកម្ម និងតម្រូវការរបស់សហគមន៍ ដើម្បីពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងថ្លៃសមរម្យ»។
លោក ក៏បានលើកឡើងពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតធំ និងបានផ្តល់បច្ចុប្បន្នភាពអំពីដំណើរការបង្កើតនិយ័តករទឹកស្អាត ដើម្បីពង្រឹងអភិបាលកិច្ច និងគាំទ្រការអភិវឌ្ឍវិស័យនេះ។
លោក Keisuke TACHI បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងគីតាឃ៊្យូស៊ូ និងកម្ពុជា បានឈានដល់ឆ្នាំទី២៥ឆ្នាំ ហើយទីក្រុងគីតាឃ៊្យូស៊ូ នឹងបន្តជំរុញក្រុមហ៊ុនជប៉ុនឱ្យស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា៕
