វៀតណាមកំណត់គោលដៅនាំចេញផលិតផលជលផល ១១,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦
បរទេស៖ ប្រទេសវៀតណាម បានកំណត់គោលដៅនាំចេញផលិតផលជលផល និងគ្រឿងសមុទ្រ ឱ្យបានជាង ១០លានតោន ដែលគិតជាទឹកប្រាក់មានទំហំប្រមាណ ១១,៥ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNExpress ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។
ថ្លែងនៅក្នុងសន្និសីទមួយកាលពីថ្ងៃពុធ លោក ផាម ក្វាងតាន់ (Pham Quang Toan) អគ្គនាយករងនៃនាយកដ្ឋានជលផល និងឃ្លាំមើលជលផលវៀតណាម បានមានប្រសាសន៍ថា តួលេខនេះស្មើនឹងកំណើន ០,៦ភាគរយ នៃបរិមាណនាំចេញសរុប បើធៀបទៅនឹងឆ្នាំ២០២៥។
លោកបានរៀបរាប់លម្អិតថា ការនាំចេញផលិតផលជលផលដែលបានមកពីការនេសាទធម្មជាតិ ត្រូវបានរំពឹងថានឹងសម្រេចបានប្រមាណ ៣,៧៥លានតោន ពោលគឺធ្លាក់ចុះ ២,១ភាគរយ ខណៈផលិតផលបានពីការវារីប្បកម្ម (ការចិញ្ចឹម) ត្រូវបានប៉ាន់ប្រមាណថានឹងមានរហូតដល់ ៦,២៥លានតោន ពោលគឺមានការកើនឡើង ២,២ភាគរយ។
ជុំវិញយុទ្ធសាស្ត្រទៅថ្ងៃមុខ លោក ត្រឹន ឌីញលួន (Tran Dinh Luan) អគ្គនាយកនៃនាយកដ្ឋានជលផលខាងលើ បានបញ្ជាក់ថា វិស័យជលផលរបស់វៀតណាម នឹងបន្តកាត់បន្ថយការពឹងផ្អែកលើការនេសាទបែបធម្មជាតិ ហើយងាកមកពង្រីកការធ្វើវារីប្បកម្មប្រកបដោយនិរន្តរភាព និងមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីពង្រឹងភាពប្រកួតប្រជែងនៅលើទីផ្សារ។
លោកបានសង្កត់ធ្ងន់ថា វៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្លាស់ប្តូរផ្នត់គំនិតពីត្រឹមការផលិតបែបប្រពៃណី ឱ្យក្លាយទៅជាសេដ្ឋកិច្ចជលផល និងផ្លាស់ប្តូរពីកំណើនដែលពឹងផ្អែកលើតម្លៃទោល ទៅជាការអភិវឌ្ឍដោយធ្វើសមាហរណកម្មពហុតម្លៃបញ្ចូលគ្នា។
ប្រែសម្រួល៖ គីរី
