Feature

យុវជនវ័យក្មេងម្នាក់ បាញ់សម្លាប់កុមារ ៣នាក់ និងគ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សាមួយក្នុងសហរដ្ឋអាមេរិក

​រដ្ឋអូរីហ្គុន (Oregon)៖ មនុស្សចំនួន ៤នាក់ ក្នុងនោះមានកុមារ ៣នាក់ បានបាត់បង់ជីវិត បន្ទាប់ពីមានករណីបាញ់ប្រហារមួយកើតឡើងនៅសាលាបឋមសិក្សាក្នុងរដ្ឋអូរីហ្គុន (Oregon) សហរដ្ឋអាមេរិក។ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅសាលាបឋមសិក្សា Silver Rail ក្នុងទីក្រុង Bend កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNewa ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។

លោក Mike Krantz ស្នងការប៉ូលិសទីក្រុង Bend បានឱ្យដឹងថា មន្ត្រីប៉ូលិសទទួលបានការហៅទូរស័ព្ទចូលជាច្រើនខ្សែ ដែលរាយការណ៍ថា មានជនសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើងវែង បានសម្រុកចូលទៅក្នុងអគារសាលារៀន។

​ត្រឹមតែរយៈពេលខ្លីក្រោយម៉ោង ១:០២នាទីរសៀល កម្លាំងសមត្ថកិច្ចដែលចុះទៅដល់ទីតាំងផ្ទាល់ បានរកឃើញថា ជនសង្ស័យត្រូវបានពលរដ្ឋម្នាក់ដែលដេញតាមពីក្រោយចូលទៅក្នុងសាលា បាញ់សម្លាប់នៅនឹងកន្លែង។

​បន្ទាប់ពីនោះមក ប៉ូលិសបានរកឃើញសាកសពជនរងគ្រោះចំនួន ៤នាក់ ដែលរួមមានគ្រូបង្រៀនម្នាក់ និងកុមារ ៣នាក់ ដែលមានអាយុ ៥ឆ្នាំ ៨ឆ្នាំ និង ១១ឆ្នាំ។

​លោកស្នងការ Krantz បានបញ្ជាក់បន្ថែមថា ជនសង្ស័យដែលជាខ្មាន់កាំភ្លើង មានអាយុត្រឹមតែ ១៦ឆ្នាំប៉ុណ្ណោះ។ ចំណែកឯកុមារអាយុ ៧ឆ្នាំម្នាក់ និងគ្រូបង្រៀនម្នាក់ផ្សេងទៀត ដែលទទួលរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។

​ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកស្នងការប៉ូលិស ប្រធានមន្ទីរអប់រំប្រចាំតំបន់ បានប្រកាសថា រាល់ការសិក្សានៅក្នុងថ្នាក់ សកម្មភាពក្រៅម៉ោង និងព្រឹត្តិការណ៍កីឡាទាំងអស់នៅទូទាំងតំបន់ ត្រូវបានប្រកាសលុបចោលទាំងស្រុងសម្រាប់ថ្ងៃសុក្រនេះ។

ប្រែសម្រួល៖ គីរី

To Top