ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ទូតអាល្លឺម៉ង់ ថា បច្ចុប្បន្ន កម្ពុជា បានប្រែក្លាយខ្លួនជាប្រទេសមានលទ្ធភាពបញ្ជូនកងកម្លាំងបោសសម្អាតមីន និងកងទ័ពមួកខៀវ ទៅតាមបណ្តាប្រទេសនានា។
ការថ្លែងប្រាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនាឱកាសអនុញ្ញាតឱ្យលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, លោកស្រី ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា ជាពិសេសលើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកជំទាវក៏បានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ក្នុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យធុរកិច្ចរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប, សម្តេចធិបតី បានជម្រាបជូនលោកស្រីថា «កម្ពុជាធ្លាប់ជាប្រទេសរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងធ្លាប់ជាប្រទេសទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ, ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានប្រែក្លាយខ្លួនជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំងបោសសម្អាតមីន និងកងទ័ពមួកខៀវ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសនានា»។
បន្ថែមលើនេះ, សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានកាលានុវត្តភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងនោះប្រទេសទាំងពីរអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស, ពាណិជ្ជកម្ម, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ក្នុងវិស័យវិនិយោគ, សម្តេចធិបតី បានគូសជម្រាបជូនលោកស្រីថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត ដើម្បីទាក់ទាញការវិនិយោគពីបរទេស។ កម្ពុជា បានត្រៀមខ្លួនជាស្រេច និងស្វាគមន៍វិស័យឯកជនអាល្លឺម៉ង់ ខណៈដែលកម្ពុជាកំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកលើការផលិតកម្មកម្រិតមូលដ្ឋាន ទៅកាន់វិស័យជឿនលឿន ដូចជាឧស្សាហកម្មយានយន្ត និងបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់៕


