លោក សោម ស៊ុន បញ្ជាឲ្យកងកម្លាំងអន្តរាគមន៍ សហការជាមួយមន្ត្រីបរិស្ថានខេត្តកំពង់ធំ ហ៊ុំព័ទ្ធទីតាំងស្តុកឈើខុសច្បាប់ ដើម្បីប្រគល់ជូនស្ថាប័នជំនាញ
កំពង់ធំ ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នាពេលថ្មីៗកន្លងទៅនេះ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកផ្ដល់ព័ត៌មានសម្ងាត់ ស្ដីពីការដឹកជញ្ជូន និងលាក់ទុកឈើខុសច្បាប់ នៅក្នុងផ្ទះចាំចំការមួយកន្លែង ស្ថិតនៅតំបន់ច្រកតោល ក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានពិភាក្សា ជាមួយលោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ចាត់វិធានការប្រើប្រាស់កម្លាំងចម្រុះ ដើម្បីហ៊ុមព័ទ្ឋ ទីតាំងលាក់ទុកឈើមួយកន្លែងខាងលើនេះ ពីខាងក្រៅទីតាំង ដើម្បីគោរពស្នើសុំយោបល់ទៅព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ចាត់ការតាមនីតិវិធីច្បាប់ ។បន្ទាប់មកលោកប្រធានសាលាដំបូងខេត្តកំពង់ធំ បានសម្រេចចេញដីកាលេខ ១០៧៥ ដក ឆ ឆ/ ២៦ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ អនុញ្ញាតឲ្យធ្វើការឆែកឆេរ ។

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដមតំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ បានចាត់តាំងព្រះរាជអាជ្ញារង មួយរូប សហការជាមួយកងកម្លាំង ពាក់ព័ន្ធ រួមជាមួយនិងអាជ្ញាធរដែនដី ដើម្បីធ្វើការត្រួតពិនិត្យ ផ្ទះចាំចំការ ដែលមានស្តុកឈើខុសច្បាប់ មួយកន្លែងនៅតំបន់ច្រកតោល ដែលជាឧបសម្ព័ន្ធនៃភូមិជាំស្វាយ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយបានរកឃើញឈើ ប្រភេទលេខ១ និងប្រភេទលេខ២ ចំនួន ៩ម៉ែត្រគូប និង៧២ ផ្លាន។
ហើយបច្ចុប្បន្នឈើទាំងនេះ ត្រូវបាន សមត្ថកិច្ចជំនាញ ដឹកជញ្ជូនមកកាន់ ទីស្នាក់ការរងបរិស្ថានប្រចាំច្រកតោល ដើម្បីរក្សាទុកចាត់ការតាមនីតិវិធីច្បាប់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ កងកម្លាំងនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ គឺមានភារកិច្ចនៅខាងក្រៅបរិវេណ ទីតាំងនៃការអនុវត្តនីតិវិធីច្បាប់ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការបំពេញភារកិច្ច ឲ្យទទួលបានជោគជ័យ។

`
ឧត្តមសេនីយ៍ទោសោម ស៊ុន បានសំណូមពរដល់ស្ថាប័នជំនាញ មេត្តាចាត់វិធានការ ការតាមផ្លូវច្បាប់ ដើម្បីផ្ដន្ទាទោសជន ដែលបានប្រព្រឹត្តកាប់បំផ្លាញព្រៃឈើ ក្នុងដែន ជម្រកសត្វព្រៃ ព្រៃឡង់ នឹងអ្នកពាក់ព័ន្ធឱ្យ បានធ្ងន់ធ្ងរបំផុតស្រប តាមច្បាប់កំណត់ ដើម្បីធ្វើឲ្យអ្នកប្រព្រឹត្តបទល្មើសរៀងចាល ដោយកន្លងទៅ និងបច្ចុប្បន្ននេះកងកម្លាំងចម្រុះ ដែលមានកម្លាំងកងទ័ពជាស្នូល បានកំពុងបំពេញភារកិច្ចការពារ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ជាច្រើនទីបញ្ជាការស្រាល មិនមានពេលឈប់សម្រាកឡើយ តែជនខិលខូចមួយចំនួននៅតែឆ្លៀត ឱកាសប្រព្រឹត្តបទល្មើសព្រៃឈើខុសច្បាប់ ក្រោមការក្លែងបន្លំ តាមគ្រប់រូបភាពនិងតាមវិធីផ្សេងៗ គិតទាំងការឆក់ឱកាសលួចកាប់ និងដឹកជញ្ជូននៅពេលយប់ ទៀតផង ៕ ដោយសំនៀង






