Feature

ADB អនុម័តកញ្ចប់ហិរញ្ញប្បទាន ៧២លានដុល្លារ ដើម្បីជួយកម្ពុជា ពង្រឹងការធ្វើកសិកម្ម នៅតាមជនបទ

ភ្នំពេញ ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីជួយប្រទេសកម្ពុជា ពង្រឹងការធ្វើកសិកម្មនៅតាមជនបទ និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម ព្រមទាំងបង្កើនភាពធន់របស់កសិករខ្នាតតូចប្រមាណ ២០ម៉ឺននាក់ ក្នុងឃុំដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលគាំទ្រដល់ប្រទេស ដែលត្រូវការជំនួយបំផុត ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។

ហិរញ្ញប្បទានរបស់ ADB ត្រូវបានបំពេញបន្ថែមដោយសហហិរញ្ញប្បទានចំនួន ២៣ លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ហិរញ្ញប្បទានឥតសំណងចំនួន ១០ លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតង ហិរញ្ញប្បទានឥតសំណងចំនួន ៣ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកប្រកបដោយភាពុងរឿង និងភាពធន់ ផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈ ADB និង វិភាគទានចំនួន ៤,៣ លានដុល្លារ ពីរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំនិងចូលរួម ក្នុងការសម្រេចចិត្ត និងក្នុងកម្មវិធីអភិវឌ្ឍន៍ គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដែលដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់»។

សូមរំលឹកថា ADB គឺជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា និងអាស៊ាន។ ក្នុងនាមជាធនាគារដ៏សំខាន់ក្នុងតំបន់ ADB គាំទ្រដល់ការវិនិយោគដែលពង្រឹងភាពធន់ កែលម្អជីវភាពរស់នៅតាមជនបទ និងជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅទូទាំងអាស៊ីអាគ្នេយ៍៕

To Top