ស្ថានទូតសិង្ហបុរីរៀបចំកម្មវិធីជួបជុំស្តីពី «ភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្រ និងអភិបាលកិច្ចសាធារណៈ » ជូនដល់មន្ត្រីជាន់ខ្ពស់កម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតសិង្ហបុរីប្រចាំរាជធានីភ្នំពេញ បានរៀបចំពិធីជួបជុំទទួលស្វាគមន៍កម្មវិធីភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្រ និងអភិបាលកិច្ចសាធារណៈ (Strategic Leadership and Public Governance – SLPG) ដែលបានប្រមូលផ្តុំមន្ត្រីរាជការជាន់ខ្ពស់កម្ពុជា រួមទាំង participants មកពីកម្មវិធី SLPG លើកទី២ ដែលប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អក្នុងការតភ្ជាប់ទំនាក់ទំនងឡើងវិញ ពិនិត្យមើលឡើងវិញនូវបទពិសោធន៍នៃការសិក្សា និងពង្រឹងភាពជាដៃគូរវាងសិង្ហបុរី-កម្ពុជា លើការអភិវឌ្ឍធនធានមនុស្ស និងភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ។

នៅក្នុងសុន្ទរកថារបស់លោក Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសសិង្ហបុរី ក្នុងការគាំទ្រដល់កំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា តាមរយៈការកសាងសមត្ថភាព និងការផ្លាស់ប្តូរចំណេះដឹង។ លោកបានគូសបញ្ជាក់ថា កម្មវិធី SLPG បានផ្តល់ឱ្យមន្ត្រីជាន់ខ្ពស់កម្ពុជានូវការយល់ដឹងជាក់ស្តែងលើវិធីសាស្ត្រអភិបាលកិច្ចរបស់សិង្ហបុរី ការសម្របសម្រួលបែបបទរដ្ឋាភិបាលទាំងមូល (Whole-of-Government) ការធ្វើឌីជីថលូបនីយកម្ម និងការផ្តល់សេវាសាធារណៈ។ លោកឯកអគ្គរដ្ឋទូតក៏បានកត់សម្គាល់ផងដែរថា ឆ្នាំ២០២៧ នឹងត្រូវជាខួបលើកទី៣៥ នៃកម្មវិធីសហប្រតិបត្តិការសិង្ហបុរី (SCP) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។

កម្មវិធីរយៈពេល៥ថ្ងៃនេះ រៀបចំឡើងក្រោម SCP និងសម្របសម្រួលដោយសាលាខុទ្ទកាល័យរដ្ឋបាលសាធារណៈសិង្ហបុរី (CSC) ដោយមានមន្ត្រីជាន់ខ្ពស់ចំនួន ៣០រូប មកពីក្រសួង និងស្ថាប័នរដ្ឋាភិបាលកណ្តាលរបស់កម្ពុជា ដឹកនាំដោយ ឯកឧត្តម យោក ប៊ុណ្ណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ។
លោក យោក ប៊ុណ្ណា បានបង្ហាញការកោតសរសើរចំពោះការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់សិង្ហបុរី និងបានគូសបញ្ជាក់ពីចំណុចសំខាន់ៗដែលទទួលបាន ដូចជាការសម្របសម្រួលបែបបទរដ្ឋាភិបាលទាំងមូល ភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរវិស័យសាធារណៈ ដែលឆ្លើយតបទៅនឹងកំណែទម្រង់បច្ចុប្បន្នរបស់កម្ពុជា។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩២ មក មានមន្ត្រីកម្ពុជាជាង ១៩,០០០នាក់ បានចូលរួមក្នុងកម្មវិធីកសាងសមត្ថភាពរបស់សិង្ហបុរី។ លើសពីនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (CSCC) ដែលបង្កើតឡើងក្នុងឆ្នាំ២០០២ និងបានដំឡើងកម្រិតក្នុងឆ្នាំ២០១៨ ស្ថិតនៅអគារ iCON ក្នុងរាជធានីភ្នំពេញ បានបន្តផ្តល់នូវកម្មវិធីនានាដែលតម្រូវតាមតម្រូវការវិវត្តរបស់កម្ពុជា ព្រមទាំងជួយពង្រឹងបណ្តាញវិជ្ជាជីវៈ និងចំណងទាក់ទងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរយ៉ាងជិតស្និទ្ធ។
