ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ អះអាងថា​ ផ្លូវធ្វើដំណើរ និងការគ្រប់គ្រងច្រកសមុទ្រហ័រមូស នឹងមិនវិលត្រឡប់ទៅរកស្ថានភាពដូចមុនសម័យសង្គ្រាមនោះឡើយ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបញ្ជាក់ជាថ្មីថា ការគ្រប់គ្រងច្រកសមុទ្រហ័រមូស និងផ្លូវធ្វើដំណើរនៅក្នុងច្រកសមុទ្រនេះ នឹងមិនដូចស្ថានភាព កាលពីអតីតកាលទៀតនោះទេ។

លោក Araghchi បានថ្លែងបែបនេះនៅក្នុងពិធីមួយនៅទីក្រុងតេអេរ៉ង់ ដែលជារដ្ឋធានីរបស់អ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា មានការផ្លាស់ប្តូរ «ជាមូលដ្ឋាន និងជាយុទ្ធសាស្ត្រ» បានកើតឡើងនៅក្នុងតំបន់អាស៊ីខាងលិច បន្ទាប់ពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។

លោកបានលេីកឡេីងថា «យើងត្រូវតែទទួលស្គាល់ថា មានការពិតថ្មីៗបានកើតឡើង។ ផ្លូវធ្វើដំណើរនៅក្នុងច្រកសមុទ្រហ័រមូស នឹងមិនដូចពីមុនទៀតទេ ហើយការគ្រប់គ្រងច្រកសមុទ្រនេះ ក៏នឹងមិនដូចកាលពីអតីតកាលដែរ»។ លោកបន្ថែមថា «មានបញ្ហាមួយចំនួន​ ដែលយើងបានធ្វើការចរចា ហើយការចរចាទាំងនេះនឹងបន្តទៅមុខទៀត»។

រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា សន្តិសុខក្នុងតំបន់ត្រូវតែធានា ដោយបណ្តាប្រទេសនៅក្នុងតំបន់ផ្ទាល់ ដោយមិនចាំបាច់ពឹងផ្អែក លើកងកម្លាំងបរទេសឡើយ ។ លោកបានលើកឡើងថា កងកម្លាំងបរទេសទាំងនោះ «បានមកកាន់តំបន់នេះ ក្នុងគោលបំណងការពារផល ប្រយោជន៍ផ្ទាល់ខ្លួន និងការពារអ៊ីស្រាអែល ហើយវត្តមានបន្តរបស់ពួកគេ នឹងមិននាំមកនូវអ្វីក្រៅពីភាពគ្មានសុវត្ថិភាពសម្រាប់តំបន់ទាំងមូលនោះទេ»។

លោកបានបន្ថែមថា អ៊ីរ៉ង់​ ត្រៀមខ្លួនរួចរាល់ហើយក្នុងការសហការជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់។​ គួរបញ្ជាក់ថា​ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាទៅលើទីក្រុងតេអេរ៉ង់ និងទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់។

ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់មីស៊ីល និងបញ្ជូនយន្តហោះដ្រូនជាច្រើនរលក ទៅវាយប្រហារលើអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋាន និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយថែមទាំងបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រហ័រមូសផងដែរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top