ភ្នំពេញ៖ ប្រជាពលរដ្ឋ រស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ១០ភូមិមានជាង១ម៉ឺនក្បាលដី បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលបានសម្រេចឆ្វៀលដីទាំងនេះ ប្រគល់ជូនប្រជាពលរដ្ឋ ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានផ្ទេរទៅទីតាំងថ្មីនាខេត្តកណ្តាល។
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៦តុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តទួលសុភាឃួន ខណ្ឌពោធិ៍សែនជ័យ ខណៈប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះ ជាប្រជាពលរដ្ឋរស់នៅទីតាំងតំបន់ឆ្វៀល ក្នុងភូមិព្រៃទា១ ភូមិព្រៃទា២ និងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ភូមិជ្រៃកោង ភូមិចោមចៅ២ ភូមិថ្មគោល១ ភូមិថ្មគោល២ និងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសលោក ឃួង ស្រេង បានលើកថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីតៈនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តថែទាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចប្រគល់ដីទាំងនេះ ជូនប្រជាពលរដ្ឋចំនួន ១១៣២១ប័ណ្ណ ដែលរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោកអភិបាល បានបញ្ជាក់ថា គ្មានឳពុក ម្តាយណាម្នាក់ចង់ឱ្យកូនក្រីក្រនោះទេ។ពេលនេះបងប្អូនប្រពលរដ្ឋទាំងអស់គ្នា មិនត្រឹមតែបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ប៉ុណ្ណោះទេ តែថែមទាំងមានសួនកំសាន្ត ដើរហាត់ប្រាណ នៅក្នុងព្រលានយន្តហោះចាស់នេះផងដែរ។ លោកបានបន្ថែមថារដ្ឋបាលរាជធានីភ្នំពេញក៏នឹងបន្តការធ្វើប្រព័ន្ធលូបង្ហូរទឹក នៅតំបន់នេះឱ្យបានកាន់ល្អប្រសើរថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកអភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមចូលរួមក្នុងការទុកដាក់សំរាមឱ្យបានល្អ កុំឱ្យសំរាមហូរចូលូនិងប្រឡាយទឹក។
ជាមួយគ្នានេះលោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាលខណ្ឌពោធិសែនជ័យ បានឱ្យដឹងថា ដោយសារទីតាំងខាងលើ មិនមានការពង្រីកព្រលានយន្តហោះទៀត ទើបរាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងដែនដី នគរូបនីយកម្មនិងសំណង់និងរដ្ឋបាលរាជធានីភ្នំពេញចុះសិក្សា ដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋ ដោយបញ្ចប់នៅឆ្នាំ២០២៦នេះ ហើយដីដែលឆ្កៀលជូនប្រជាពលរដ្ឋនេះមានចំនួន១១៣២១ប័ណ្ណ។
ចំណែកលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ក៏បានឱ្យដឹងផងដែរថា ដីខាងលើនេះ ជាដីដែលបានបង្កកយូរហើយ ហើយថ្មីៗ ត្រូវបានរាជរដ្ឋាភិបាល សម្រេចឱ្យប្រគល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថ ដែលត្រូវប្រគល់ជូននេះ មានលក្ខណៈពិសេសជាងគេ ដោយនៅក្នុងប័ណ្ណនេះ មានបញ្ជាក់ពីការកំណត់កំពស់ នៃការសាងសង់ថែមទៀតផង៕



