ណារីតា៖ ការធ្វើដំណើរពីប្រទេសជប៉ុន ទៅកាន់ប្រទេសវៀតណាម បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងជំហានដំបូង បន្ទាប់ពីការបន្ធូរបន្ថយ ការរឹតបន្តឹងការធ្វើដំណើរ ដែលបានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ជើងហោះហើរពិសេស ដែលដឹកអ្នកដំណើរ ១៥០ នាក់ភាគច្រើនជាអ្នកជំនួញ បានចាកចេញពី អាកាសយានដ្ឋានណារីតា ភាគខាងកើតទីក្រុងតូក្យូ ទៅអាកាសយានដ្ឋានអន្តរជាតិ វ៉ាន់ដុន ជិតហាឡុង ភាគខាងជើងប្រទេសវៀតណាម។
បើតាមលោកស្រី តាកកូ អូមី អាយុ ៥០ ឆ្នាំ ធ្វើការនៅរោងចក្រដេរជប៉ុន នៅប្រទេសវៀតណាម បាននិយាយថា «មានឱកាសដែលលក្ខខណ្ឌ ធ្វើដំណើរនឹងប្រសើរឡើង ប៉ុន្តែខ្ញុំចង់វិលត្រឡប់មកវិញឆាប់ៗ តាមដែលអាចធ្វើទៅបាន ។ ខ្ញុំចង់ឲ្យ បុគ្គលិកបរទេសរបស់យើង សម្រាកនៅទីនោះ»។
ថ្មីៗនេះជប៉ុននិងវៀតណាម បានឯកភាពគ្នាបន្ធូរបន្ថយ ការរឹតបន្តឹងលើការធ្វើដំណើរ រវាងប្រទេសទាំងពីរ។ ដំបូងឡើយប្រទេសវៀតណាម មិនបានអនុញ្ញាតឱ្យ អ្នកទេសចរបរទេសចូលទេ ប៉ុន្តែបានយល់ព្រមបន្ធូរបន្ថយ ការរឹតបន្តឹងលើមូលដ្ឋានរបស់ភ្ញៀវ ធ្វើតេស្តប្រតិកម្មខ្សែសង្វាក់ Polymerase នៅពេលមកដល់ និងការដាក់ឱ្យនៅ ដាច់ដោយឡែករយៈពេល ២ សប្តាហ៍ នៅក្នុងសណ្ឋាគារមួយ នេះបើយោងតាមក្រសួងការបរទេស៕ ប្រែសម្រួលៈ ណៃ តុលា