កីឡា

15.អតីតម្ចាស់ជើងឯក F1 លោក Alan Jones ទទួលមរណភាព ក្នុងជន្មាយុ ៨០ឆ្នាំ

​បរទេស៖ លោក Alan Jones ដែលជាជនជាតិអូស្ត្រាលីចុងក្រោយគេ និងជាអ្នកបើកបរដំបូងគេរបស់ក្រុម Williams ដែលបានឈ្នះពានរង្វាន់ជើងឯកពិភពលោក Formula 1 បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨០ឆ្នាំ។ ​លោក Jones បានប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ F1 ចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៨៦ ដោយបានឈ្នះជើងឯកនៅឆ្នាំ១៩៨០ ដើម្បីក្លាយជាម្ចាស់ជើងឯកពិភពលោកដំបូងគេ ក្នុងចំណោមម្ចាស់ជើងឯកពិភពលោកទាំង ៧រូប របស់ក្រុម Williams នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL  ថ្ងៃទី៥  ខែវិច្ឆិកា  ឆ្នាំ២០២៦ ។ ​លោក Jones ដែលទើបតែឈានចូលវ័យ…

​បរទេស៖ លោក Alan Jones ដែលជាជនជាតិអូស្ត្រាលីចុងក្រោយគេ និងជាអ្នកបើកបរដំបូងគេរបស់ក្រុម Williams ដែលបានឈ្នះពានរង្វាន់ជើងឯកពិភពលោក Formula 1 បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨០ឆ្នាំ។
​លោក Jones បានប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ F1 ចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៨៦ ដោយបានឈ្នះជើងឯកនៅឆ្នាំ១៩៨០ ដើម្បីក្លាយជាម្ចាស់ជើងឯកពិភពលោកដំបូងគេ ក្នុងចំណោមម្ចាស់ជើងឯកពិភពលោកទាំង ៧រូប របស់ក្រុម Williams នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL  ថ្ងៃទី៥  ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​លោក Jones ដែលទើបតែឈានចូលវ័យ ៨០ឆ្នាំកាលពីថ្ងៃចន្ទ បានឈ្នះការប្រកួត Grand Prix ចំនួន ១២ដង ក្នុងអាជីពរបស់លោក និងបានបន្តការប្រកួតប្រជែងក្នុងទម្រង់កីឡាប្រណាំងឡានផ្សេងទៀតរហូតដល់ឆ្នាំ២០០២។

​ភរិយារបស់លោក គឺអ្នកស្រី Amanda Butler-Davis បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញតំណាងឱ្យអ្នកស្រីដោយស្ថាប័ន Motorsport Australia ថា៖ “ពួកយើងមានការសោកស្តាយយ៉ាងខ្លាំង ដែលត្រូវប្រកាសពីមរណភាពរបស់លោក Alan ជាទីស្រឡាញ់របស់យើង ដែលបានបាត់បង់ជីវិតនៅថ្ងៃទី៥ ខែវិច្ឆិកា បន្ទាប់ពីធ្លាក់ខ្លួនឈឺក្នុងរយៈពេលខ្លីមួយ។”

​លោក Jones បានចាប់ផ្តើមការប្រកួតលើកដំបូង ក្នុងចំណោមការប្រកួត F1 ទាំង ១១៦ដងរបស់លោក ដោយបើកបរឱ្យក្រុម Hesketh នៅក្នុងព្រឹត្តិការណ៍ Spanish Grand Prix ឆ្នាំ១៩៧៥។

​លោកបានឈ្នះការប្រកួតលើកដំបូងរបស់ខ្លួនសម្រាប់ក្រុម Shadow នៅក្នុងប្រទេសអូទ្រីស នាឆ្នាំ១៩៧៧ មុនពេលផ្លាស់ទៅចូលរួមជាមួយក្រុម Williams នៅឆ្នាំបន្ទាប់។
​បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រជែងជើងឯកអ្នកបើកបរ (Drivers’ championship) ក្នុងឆ្នាំ១៩៧៩ លោកបានឈ្នះការប្រកួតចំនួន ៥ដង ក្នុងឆ្នាំ១៩៨០ និងបានឈរនៅលើវេទិកាទទួលជ័យលាភី (Podium) ស្ទើរតែគ្រប់ការប្រកួត Grand Prix ទាំងអស់ដែលលោកបានប្រកួតបញ្ចប់ (លើកលែងតែមួយប្រកួតប៉ុណ្ណោះ) ដោយបានដណ្តើមពានរង្វាន់ជើងឯកនាំមុខលោក Nelson Piquet ។

​លោក Jones គឺជាជនជាតិអូស្ត្រាលីទីពីរ ដែលបានឈ្នះជើងឯក F1 បន្ទាប់ពីលោក Jack Brabham ដែលបានឈ្នះនៅឆ្នាំ១៩៥៩, ១៩៦០ និង ១៩៦៦។

​លោក Jones នៅតែជាជនជាតិអូស្ត្រាលីចុងក្រោយគេបង្អស់ដែលបានទទួលជ័យជម្នះក្នុងព្រឹត្តិការណ៍ Australian Grand Prix ដោយបានឈ្នះនៅទីលាន Calder Park Raceway ក្នុងទីក្រុងម៉ែលប៊ន (Melbourne) កាលពីឆ្នាំ១៩៨០ នៅពេលដែលការប្រកួតនោះមិនទាន់បានរាប់បញ្ចូលជាផ្នែកមួយនៃការប្រកួតជើងឯកពិភពលោកនៅឡើយ។

​លោកបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងតារាងពិន្ទុអ្នកបើកបរប្រចាំឆ្នាំ១៩៨១ ដោយទទួលបានជ័យជម្នះនៅទីក្រុង Las Vegas ដែលក្លាយជាជ័យជម្នះចុងក្រោយក្នុងអាជីពរបស់លោក។ លោកបានប្រកាសចូលនិវត្តន៍នៅចុងបញ្ចប់នៃរដូវកាលនោះ។

​បន្ទាប់ពីបានបង្ហាញខ្លួនមួយប្រកួតសម្រាប់ក្រុម Arrows ក្នុងឆ្នាំ១៩៨៣ លោក Jones បានត្រឡប់មកប្រកួតពេញម៉ោងវិញជាមួយក្រុមថ្មីគឺ Haas ក្នុងឆ្នាំ១៩៨៥ ប៉ុន្តែការប្រកួតនៅឆ្នាំបន្ទាប់របស់លោកភាគច្រើនមិនទទួលបានជោគជ័យឡើយ។
​លោកនៅតែបន្តចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តប្រភេទ Touring car និងការប្រកួតស៊ូទ្រាំ (Endurance races) ជាចម្បងនៅក្នុងប្រទេសអូស្ត្រាលី ហើយបានក្លាយជាអ្នកវិភាគកីឡាប្រណាំងយានយន្តដ៏មានប្រជាប្រិយភាពនៅលើកញ្ចក់ទូរទស្សន៍ក្នុងប្រទេសកំណើតរបស់លោក។

ប្រែសម្រួល៖ គីរី

To Top