ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរវាង រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២០។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្ថ្របស់ក្រសួងការបរទេស ២៩ មិថុនានេះបានឲ្យដឹងថា កិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធានប្រទេសម៉ាឡេស៊ី ដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី នាពេលបច្ចុប្បន្ន និងប្រទេសអូស្រ្ដាលី។
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអូស្រ្ដាលី នឹងចែករំលែកគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងឧត្តម្មានុវត្តន៍ អំពីវិធានការប្រកបដោយ ប្រសិទ្ធភាពក្នុងការឆ្លើយតបជំងឺរាតត្បាតជាសកល។
រដ្ឋមន្រ្តីការបរទេសទាំងអស់ ក៏នឹងពិភាក្សាអំពីវិធីសាស្រ្តនានាដើម្បីពង្រឹង បន្ថែមទៀតភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យដែលមានផលប្រយោជន៍រួមគ្នា ជាពិសេស កិច្ចសហប្រតិបត្តិការ ជាក់ស្តែងនៅក្នុងគ្រោះអាសន្នសុខភាពសាធារណៈ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។
កិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូនេះ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីសំខាន់មួយទៀត ក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ប្រទេសអូស្រ្តាលី ដើម្បីរៀបចំទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការ ទៅវិញទៅមក ចំពេលវេលាដ៏លំបាក និងមមាញឹក ដោយសារតែបញ្ហាប្សប្រឈម កលនៃជំងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន៕