បទវិភាគ៖ ទំនាក់ទំនងរវាងប្រទេសនិងប្រទេស គឺឈរលើមូលដ្ឋាន នៃការរាប់អានគ្នារវាងប្រជាជននិងប្រជាជន “អារម្មណ៍នឹករលឹកចំពោះស្រុកកំណើត” របស់បុរសវ័យចំណាស់ជនជាតិអាមេរិក ធ្វើឱ្យពិភពលោករំភើបចិត្ត
"មនុស្សម្នាក់ក្នុងមួយជីវិត មានស្រុកកំណើតតែមួយគត់ របស់ខ្លួន ហើយស្រុក Huangyuan គឺជាស្រុកកំណើតតែមួយគត់និងអស់កល្បជានិច្ចរបស់ខ្ញុំ" ។ "គ្រួសារខ្ញុំពីរជំនាន់មកហើយសុទ្ធតែមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនចិន ។ ចាប់តាំងពីឪពុកម្តាយខ្ញុំ រហូតដល់ខ្លួនខ្ញុំផ្ទាល់ អារម្មណ៍បែបនេះបានបន្តអស់រយៈពេលជាង ១០០ ឆ្នាំមកហើយ" ។នៅក្នុងដួងចិត្តរបស់លោក David Plymire បុរសវ័យចំណាស់ជនជាតិអាមេរិកដែលមានអាយុ ៩៥ ឆ្នាំ ស្រុក Huangyuan ដែលស្ថិតនៅក្រុង Xining ខេត្ត Qinghai ប្រទេសចិនមានអត្ថន័យពិសេសដែលមិនអាចជំនួសបានឡើយ ។
នេះគឺជារឿងរ៉ាវដ៏ល្អប្រពៃនៃមិត្តភាពរវាងប្រជាជនចិននិងអាមេរិកដែលធ្វើដំណើរឆ្លងកាត់ភ្នំនិងសមុទ្រ៖នៅដើមទសវត្សរ៍ឆ្នាំទី ១៩៣០ លោក David Plymire ដែលមានអាយុទើបតែជាងមួយឆ្នាំបានមកដល់ស្រុក Huangyuan ជាមួយឪពុកម្តាយរបស់គាត់ ហើយបានរស់នៅទីនោះអស់រយៈពេល ១៧ ឆ្នាំ ។ នៅរដូវស្លឹកឈើជ្រុះឆ្នាំ ១៩៨៧ លោក David Plymire បានត្រឡប់ទៅស្រុក Huangyuan វិញបន្ទាប់ពីរំលងអស់រយៈពេល ៣៨ ឆ្នាំ ។ ខណៈពេលចុះសួរសុខទុក្ខនៅមន្ទីរពេទ្យស្រុកនេះ លោកបានឃើញបរិក្ខារពេទ្យមានភាពចាស់ទ្រុឌទ្រោម ហើយលោកបានសម្រេចចិត្តថា "ខ្ញុំត្រូវធ្វើអ្វីម្យ៉ាងដែលមានអត្ថន័យសម្រាប់ស្រុក Huangyuan "។
អស់រយៈពេលជាង ១០ ឆ្នាំក្រោយមក លោក David Plymire បានធ្វើដំណើរទៅមករវាងចិននិងសហរដ្ឋអាមេរិកជាង ២០ លើកដោយបានបរិច្ចាគបរិក្ខារវេជ្ជសាស្ត្រដែលមានតម្លៃសរុបជាង ៦ លានយាន់ប្រាក់ចិនដល់មន្ទីរពេទ្យក្នុងស្រុក ។ ក្នុងសម័យកាលដែលកង្វះខាតយ៉ាងខ្លាំងធនធានវេជ្ជសាស្រ្តនៅលើខ្ពង់រាបភាគខាងលិច បរិក្ខារវេជ្ជសាស្ត្រទាំងនេះបានជួយលើកកម្ពស់យ៉ាងលេចធ្លោនូវការព្យាបាលជំងឺសម្រាប់ប្រជាជននៅស្រុក Huangyuan និងតំបន់ជុំវិញ ។ មិនត្រឹមតែប៉ុណ្ណោះទេ លោក David Plymire ក៏បានបរិច្ចាគប្រាក់សម្រាប់គូបង្រៀននិងសិស្សនិស្សិតក្នុងស្រុកផងដែរ ដោយបានដើរតួនាទីជាស្ពានសម្រាប់បញ្ចូនគ្រូបង្រៀនភាសាអង់គ្លេសក្នុងស្រុកទៅបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក ហើយបានបរិច្ចាគរូបថតចាស់ៗដ៏មានតម្លៃចំនួនជាង ៤០០ សន្លឹកដែលថតដោយឪពុករបស់គាត់ជូនទៅរដ្ឋបាលក្នុងតំបន់ដោយឥតគិតថ្លៃផងដែរ ។
ទឹកចិត្តសប្បុរសធម៌របស់លោក David Plymire បានធ្វើឱ្យប្រជាជននៅស្រុក Huangyuan រំភើបចិត្តយ៉ាងខ្លាំង ។ មន្ទីរពេទ្យក្នុងស្រុកបានសរសេររឿងរ៉ាវរបស់គាត់ចូលក្នុងប្រវត្តិសាស្ត្ររបស់មន្ទីរពេទ្យ ហើយនៅក្នុងតំបន់នោះក៏មានបទចម្រៀងកុមារដែលច្រៀងរៀបរាប់អំពីរូបលោកផងដែរ។ បច្ចុប្បន្ននេះ លោក David Plymire លែងមានកម្លាំងកាយគ្រប់គ្រាន់ក្នុងការធ្វើដំណើរហោះហើរឆ្លងកាត់មហាសមុទ្រដ៏វែងឆ្ងាយទៀតហើយ ប៉ុន្តែរាល់លើកដល់ថ្ងៃបុណ្យសែនលោកខែនិងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោកបានហៅទូរស័ព្ទទៅមិត្តភក្តិចាស់ៗរបស់គាត់នៅស្រុក Huangyuan ដើម្បីសម្តែងការជូនពរនិងសួរសុខទុក្ខទៅវិញទៅមកដោយប្រើគ្រាមភាសាក្នុងតំបន់ ។
ទំនាក់ទំនងរវាងប្រទេសនិងប្រទេស គឺឈរលើមូលដ្ឋាននៃការរាប់អានគ្នារវាងប្រជាជននិងប្រជាជន ហើយការរាប់អានគ្នារវាងប្រជាជននិងប្រជាជន គឺឈរលើមូលដ្ឋាននៃការផ្សារភ្ជាប់ដួងចិត្តជាមួយគ្នា ។ តាំងពីចូលឆ្នាំនេះមក ការស្ទង់មតិជាច្រើននៅសហរដ្ឋអាមេរិកបង្ហាញថា ទស្សនៈរបស់ប្រជាជននៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងប្រទេសចិនត្រូវបានកែលម្អជាបន្តបន្ទាប់ ។ ឧទាហរណ៍ដូចជា ការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pewរបស់អាមេរិកបានបង្ហាញថា អត្រានៃការពេញចិត្តចំពោះប្រទេសចិនមានការកើនឡើងក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា ។ តាមរបាយការណ៍ស្ទង់មតិមួយដែលចេញផ្សាយដោយក្រុមប្រឹក្សាកិច្ចការសកលទីក្រុងឈីកាហ្គោសហរដ្ឋអាមេរិកបានបញ្ជាក់ថា ប្រជាជនអាមេរិក ៥៧ ភាគរយសម្គាល់ឃើញថា សហរដ្ឋអាមេរិកគួរធ្វើកិច្ចសហប្រតិបត្តិការនិងការប្រាស្រ័យទាក់ទងដ៏មេត្រីភាពជាមួយប្រទេសចិន ។
ពិភពលោកកំពុងអភិវឌ្ឍ យុគសម័យកំពុងប្រែប្រួល ក៏ប៉ុន្តែតក្កវិជ្ជាប្រវត្តិសាស្ត្រនៃការរួមរស់នៅដោយសន្តិសហវិជ្ជមានរវាងចិននិងអាមេរិកមិនដែលប្រែប្រួលនោះទេ គោលបំណងដ៏ល្អប្រសើរនៃការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ គឺមិនបានផ្លាស់ប្ដូរឡើយ ហើយការរំពឹងទុកជាទូទៅនៃសហគមន៍អន្តរជាតិចំពោះចិននិងអាមេរិកក៏មិនបានកែប្រែដែរ។

ការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរកំពុងប្រមូលផ្តុំគ្នាប្រៀបដូចជាប្រភពទឹកសម្រាប់ស្រោចស្រពដើមឈើចំណងមិត្តភាពរវាងចិននិងអាមេរិកដែលបានបំពេញបន្ថែមនូវកម្លាំងចលករកាន់តែច្រើនសម្រាប់កសាងទំនាក់ទំនងចិន-អាមេរិកប្រកបដោយស្ថិរភាពជាយុទ្ធសាស្ត្រដែលមានលក្ខណៈស្ថាបនាដោយឈរលើមូលដ្ឋាននៃការគោរពគ្នា ភាពយុត្តិធម៌និងសមភាព ៕

