អ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ ៖ ការអញ្ជើញទស្សនាផ្លូវថ្មើរជើងចតុមុខ របស់ប្រធានាធិបតីប៊ុលហ្គារី បង្ហាញពីសុវត្ថិភាព ពេញលេញរបស់កម្ពុជា
ភ្នំពេញ ៖ ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងបង្ហាញពីការរីកចម្រើន គួរឱ្យកត់សម្គាល់ និងមានសុវត្ថិភាពពេញលេញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជាក់ស្ដែងលោកស្រី Iliana Malinova Iotova ប្រធានាធិបតីប៊ុលហ្គារី រួមជាមួយសហការី បានចំណាយពេលដ៏មានតម្លៃ អញ្ជើញទស្សនាទិដ្ឋភាពទូទៅ នៅតាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ Chaktomuk Walk Street នាពេលរាត្រីដ៏រស់រវើកមួយនេះ កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹង នាព្រឹកថ្ងៃទី១៦វិច្ឆិកាថា វត្តមានរបស់លោកស្រីប្រធានាធិបតីប៊ុលហ្គារី បានឆ្លុះបញ្ចាំងពីភាពទាក់ទាញ និងសុវត្ថិភាព របស់រាជធានីភ្នំពេញ ដែលជាទីក្រុងមួយ កំពុងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជិត ៩០ប្រទេស មកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅកម្ពុជា។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ អន្តរជាតិធំៗ និងជាឱកាសដ៏ល្អមួយ ក្នុងការផ្សព្វផ្សាយ ពីសក្ដានុពលទេសចរណ៍ និងវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន ទៅកាន់ពិភពលោក។

លោកស្រីអ្នកនាំពាក្យ បន្តថាការអញ្ជើញមកទស្សនា របស់ថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរជាតិ ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលដ៏ធំនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា ពិតជាមានសុវត្ថិភាព និងត្រៀមខ្លួនជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគិនពីគ្រប់ទិសទី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើន។ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»៕






