ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចចិនធ្លាក់ចុះខ្សោយ នៅក្នុងខែតុលា ដោយសារទិន្នផលរោងចក្រ និងការលក់រាយមិនសម្រេច បានតាមការព្យាករណ៍

បរទេស ៖ សេដ្ឋកិច្ចចិន បានបង្ហាញសញ្ញាថ្មីនៃភាពយឺតយ៉ាវនៅក្នុងខែតុលា ដោយសារផលិតកម្មរោងចក្របានថយចុះ ហើយការប្រើប្រាស់ នៅតែមានកម្រិតទាប។ ស្ថានភាពនេះបានបង្កជាសំណួរថា តើប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ អាចពឹងផ្អែកលើការនាំចេញដើម្បីជំរុញកំណើនសេដ្ឋកិច្ចបានយូរប៉ុណ្ណា។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា កំណើននៃការនាំចេញដែលជំរុញដោយវិស័យបញ្ញាសិប្បនិម្មិត (AI) បានក្លាយជាកម្លាំង ចលករសម្រាប់កំណើនសេដ្ឋកិច្ចចិននៅឆ្នាំនេះ ហើយត្រូវបានគេរំពឹងថា នឹងជួយការពារកំណើនសេដ្ឋកិច្ចទាំងមូល ពីកត្តាអវិជ្ជមានទាំង ពីខាងក្រៅ និងខាងក្នុងប្រទេស រហូតដល់ឆ្នាំ ២០២៧។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនមានតុល្យភាព នៅក្នុងគំរូកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ អាចនឹងបន្តកើតមាន ឬថែមទាំង កាន់តែធ្ងន់ធ្ងរឡើង ខណៈដែលវិស័យផលិតកម្មដ៏រឹងមាំ និងតម្រូវការពីបរទេស បានធ្វើឱ្យអ្នកតាក់តែងគោល នយោបាយមិនសូវមានភាពបន្ទាន់ក្នុងការដោះស្រាយបញ្ហាតម្រូវការក្នុងស្រុកដែលខ្សោយនោះទេ។

ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញកាលពីថ្ងៃចន្ទថា ទិន្នផលឧស្សាហកម្មក្នុងខែតុលាបានកើនឡើង ៤,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាកំណើននេះគឺទាបជាងការរំពឹងទុករបស់អ្នកវិភាគដែលបានស្ទង់មតិដោយទីភ្នាក់ងារព័ត៌មាន Reuters ដែលព្យាករណ៍ថានឹងកើនឡើង ៥,៣% ហើយក៏ទាបជាងកំណើន ៥,៥% ដែលបានកត់ត្រានៅក្នុងខែកញ្ញាផងដែរ។

តម្រូវការដ៏ខ្លាំងក្លាសម្រាប់ផលិតផល ដែលពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) និងរថយន្ត បានជួយទាញសេដ្ឋកិច្ចចិន ឱ្យងើបចេញពីភាពយឺតយ៉ាវ ដែលបានកើតឡើងនៅក្នុងត្រីមាសទីពីរ។ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីដែលមានអត្រា ៤,៥% បើធៀបនឹងឆ្នាំមុន អ្នកវិភាគជឿជាក់ថា ទីក្រុងប៉េកាំងនៅតែអាចសម្រេចបានតាមគោលដៅកំណើនពី ៤,៥% ទៅ ៥,០% ដោយមិនចាំបាច់មានវិធានការជំរុញសេដ្ឋកិច្ចបន្ថែមធំដុំនោះទេ។
ប្រែសម្រួលៈ តុលា

To Top