ព័ត៌មានអន្តរជាតិ

តម្លៃប្រេងម៉ាស៊ូត នៅសហរដ្ឋអាមេរិក ធ្លាក់ចុះមកនៅក្រោម ៦ ដុល្លារក្នុងមួយហ្គាឡុង ដែលជាកម្រិតទាបបំផុត ក្នុងរយៈពេល ២ ខែ ដោយសារភាពតានតឹងបានថយចុះ

បរទេស៖ តម្លៃប្រេងម៉ាស៊ូតនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះមកនៅក្រោម ៦ ដុល្លារក្នុងមួយហ្គាឡុង (១ហ្គាឡុង ស្មើនឹងប្រហែល ៣,៧៨លីត្រ) ជាមធ្យមនៅថ្ងៃសៅរ៍ បន្ទាប់ពីបានស្ថិតនៅកម្រិតខ្ពស់ជាងនេះអស់រយៈពេលពីរខែ។ ការធ្លាក់ចុះពីកម្រិតខ្ពស់បំផុតមិនធ្លាប់មាននេះ កើតឡើងដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបានថមថយចុះ ហើយតម្រូវការតាមរដូវកាលក៏មានការថយចុះ ដែលជួយកាត់បន្ថយសម្ពាធលើទីផ្សារប្រេងឥន្ធនៈ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ថា តម្លៃប្រេងម៉ាស៊ូតធ្លាប់បានកើនឡើងយ៉ាងគំហុក នៅពេលដែលជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានរំខានដល់ការផ្គត់ផ្គង់ប្រេង ហើយការវាយប្រហារជាប្រព័ន្ធរបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី បានរារាំងដល់ដំណើរការផលិតកម្ម។

តម្លៃប្រេងម៉ាស៊ូតឡើងខ្ពស់ ដែលជាកត្តាជំរុញដ៏សំខាន់នៃថ្លៃដឹកជញ្ជូនទំនិញ បានធ្វើឱ្យអតិផរណាកើនឡើងជារួម ដែលបង្កការលំបាកដល់អ្នកប្រើប្រាស់ កសិករ និងអាជីវកម្មនានា។ តម្លៃប្រេងឥន្ធនៈដែលឡើងខ្ពស់នេះ ក៏ជាកត្តាសំខាន់មួយដែលបានជួយឱ្យគណបក្សប្រជាធិបតេយ្យ (Democrats) ទទួលបានជ័យជម្នះទាំងស្រុងនៅក្នុងសភាទាំងពីរ (សភាតំណាងរាស្ត្រ និងព្រឹទ្ធសភា) ដោយដណ្តើមបានពីគណបក្សសាធារណរដ្ឋ (Republicans) របស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែនេះ។

យោងតាម GasBuddy ដែលជាប្រភពតាមដានតម្លៃប្រេងឥន្ធនៈគឺ តម្លៃលក់រាយប្រេងម៉ាស៊ូតជាមធ្យមនៅទូទាំងប្រទេសគឺ ៥,៩៩៨ ដុល្លារក្នុងមួយហ្គាឡុង នៅថ្ងៃសៅរ៍។ តម្លៃនេះធ្លាប់បានឡើងដល់ ៥,៨២០ ដុល្លារក្នុងមួយហ្គាឡុង នៅថ្ងៃទី ៣ ខែកញ្ញា ដែលបំបែកកំណត់ត្រាដែលធ្លាប់បានបង្កើតឡើងបន្ទាប់ពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីទៅលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ តម្លៃប្រេងម៉ាស៊ូតបានកើនឡើងលើសពី ៦ ដុល្លារក្នុងមួយហ្គាឡុង នៅថ្ងៃទី ១០ ខែកញ្ញា និងបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺ ៦,៥១៩ ដុល្លារ កាលពីនៅថ្ងៃទី ២២ ខែកញ្ញា។

នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលសមត្ថភាពចម្រាញ់ប្រេងមានកម្រិត ហើយស្តង់ដារគុណភាពប្រេងឥន្ធនៈតឹងរ៉ឹងជាងតំបន់ផ្សេងទៀតក្នុងប្រទេស តម្លៃប្រេងម៉ាស៊ូតធ្លាប់បានកើនឡើងលើសពី ១០ ដុល្លារក្នុងមួយហ្គាឡុង ក្នុងរយៈពេលខ្លីមួយ។
ប្រែសម្រួលៈ តុលា

To Top