អូស្ត្រាលី ព្រមានពីហានិភ័យសេដ្ឋកិច្ច ក្រោយរកឃើញថា ចិនមានសកម្មភាព “គៃបន្លំកែប្រែតម្លៃ” ក្នុងពាណិជ្ជកម្មរ៉ែដែក
ស៊ីដនី ៖ ប្រទេសអូស្ត្រាលីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា សេដ្ឋកិច្ចរបស់ខ្លួននឹងរងផលប៉ះពាល់ពី “ការគៃបន្លំកែប្រែតម្លៃ” លើពាណិជ្ជកម្មរ៉ែដែក ដែលជាផលិតផលនាំចេញដ៏ធំបំផុតរបស់ខ្លួន ពីសំណាក់អតិថិជន ដ៏ធំបំផុតគឺប្រទេសចិន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្នុងនាមជាប្រទេសផលិតរ៉ែដែកកំពូល របស់ពិភពលោក អូស្ត្រាលីបាននាំចេញរ៉ែដែកចំនួន ៩៤៤លានតោន កាលពីឆ្នាំមុន ដែលក្នុងនោះបីភាគបួនត្រូវបានដឹកជញ្ជូន ទៅកាន់ប្រទេសចិនសម្រាប់បម្រើដល់ការផលិតដែកថែប។
ការធ្វើពាណិជ្ជកម្មនេះ អាចឈរជើងយ៉ាងរឹងមាំឆ្លងកាត់ជម្លោះនយោបាយ រវាងប្រទេសទាំងពីរ ដោយនៅតែបន្តដំណើរការ ទោះបីជាប្រទេសចិន បានដាក់បម្រាមលើការនាំចេញធ្យូងថ្ម ស្រា និងផលិតផលកសិកម្មរបស់អូស្ត្រាលី ដែលមានទំហំទឹកប្រាក់ ២០ប៊ីលានដុល្លារអូស្ត្រាលី (១៣,៥ប៊ីលានដុល្លារអាមេរិក) កាលពីឆ្នាំ២០២០ ដើម្បីជាការសងសឹកចំពោះការអំពាវនាវរបស់ទីក្រុងកង់បេរ៉ា (Canberra) ឱ្យមានការស៊ើបអង្កេតលើប្រភពដើមនៃជំងឺកូវីដ-១៩ ក៏ដោយ។
ប៉ុន្តែការបង្កើតឱ្យមានស្ថាប័នប្រមូលទិញកណ្តាល របស់ប្រទេសចិន ដើម្បីទម្លាក់តម្លៃដែលក្រុមហ៊ុនផលិតដែកថែប របស់ខ្លួនត្រូវបង់ឱ្យក្រុមហ៊ុនផលិតរ៉ែដែកអូស្ត្រាលី កំពុងបង្កហានិភ័យធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មនេះកាន់តែអាក្រក់ទៅៗ។ ទាក់ទិននឹងបញ្ហានេះ ស្ថានទូតចិនមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយណាមួយឡើយ។
រដ្ឋមន្ត្រីក្រសួងធនធានអូស្ត្រាលី លោកស្រី Madeleine King បានថ្លែងកាលពីថ្ងៃចន្ទថា សកម្មភាពរបស់ក្រុមហ៊ុនចិន China Minerals Resources Group (CMRG) ដែលត្រូវបានគេរាយការណ៍ថាបានព្យាយាមរារាំងការលក់ដោយក្រុមហ៊ុនផលិតអូស្ត្រាលី ខណៈពេលដែលខ្លួនកំពុងចរចាកិច្ចសន្យា គឺជាសកម្មភាពដែលផ្ទុយនឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ។
លោកស្រី King បានប្រាប់ស្ថានីយទូរទស្សន៍ជាតិ ABC ថា៖ “ការនាំចេញរ៉ែដែកពីប្រទេសនេះចាប់តាំងពីទសវត្សរ៍ឆ្នាំ៦០ មក គឺជាផ្នែកមួយដ៏សំខាន់ខ្វះមិនបានសម្រាប់សេដ្ឋកិច្ចជាតិរបស់យើង។ ដូច្នេះ នៅពេលដែលមានចលនាពីសំណាក់អ្នកប្រើប្រាស់ដ៏ធំបំផុតនៃផលិតផលនោះ ក្នុងការកែប្រែតម្លៃដើម្បីទាញយកប្រយោជន៍ឱ្យខ្លួនឯង នោះគឺជាក្តីបារម្ភដ៏ធំសម្រាប់រដ្ឋាភិបាល ពីព្រោះវាប៉ះពាល់ដល់ចំណូលថវិកាជាតិដោយផ្ទាល់។”
លោកស្រីបានបន្ថែមបញ្ជាក់យ៉ាងច្បាស់ថា៖ “ការគៃបន្លំលើពាណិជ្ជកម្ម គឺមិនមានផលល្អសម្រាប់ប្រទេសរបស់យើងនោះទេ។” រដ្ឋាភិបាលអូស្ត្រាលីធ្លាប់បានបញ្ជាក់កាលពីពេលមុនថា ការចរចារ៉ែដែកគឺជាបញ្ហាពាណិជ្ជកម្មសុទ្ធសាធ ខណៈលោកស្រី King បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោកស្រីកំពុងស្ថិតក្នុងការពិភាក្សាជាមួយបណ្តាក្រុមហ៊ុនផលិតរ៉ែដែករបស់អូស្ត្រាលីជុំវិញបញ្ហានេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន CMRG ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ ដើម្បីប្រមូលផ្តុំការទិញទំនិញនៅកន្លែងតែមួយ (Centralise buying) ខណៈប្រទេសចិនគឺជាអ្នកទិញរ៉ែដែកដ៏ធំបំផុតរបស់ពិភពលោក។ ការនាំចេញរ៉ែដែករបស់អូស្ត្រាលីត្រូវបានព្យាករណ៍ថានឹងមានតម្លៃ ១០៧ប៊ីលានដុល្លារអូស្ត្រាលី នៅឆ្នាំក្រោយ ដែលជាការធ្លាក់ចុះតម្លៃប្រមាណ ១០ភាគរយ។
នៅក្នុងរបាយការណ៍ព្យាករណ៍ការនាំចេញកាលពីខែមុន ក្រសួងឧស្សាហកម្មអូស្ត្រាលីបានលើកឡើងថា ឥទ្ធិពលដែលកំពុងកើនឡើងរបស់ CMRG “អាចតំណាងឱ្យការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារ” ដែលនឹងមានផលប៉ះពាល់ដល់ការចរចាតម្លៃរ៉ែដែកនាពេលខាងមុខ។
ក្រុមហ៊ុនរ៉ែធំៗដូចជា BHP និង Rio Tinto ថ្មីៗនេះបានឈានដល់កិច្ចព្រមព្រៀងជាមួយ CMRG រួចរាល់ហើយ ប៉ុន្តែទោះជាយ៉ាងណា ក្រុមហ៊ុន Fortescue បានប្រាប់អ្នកវិនិយោគកាលពីខែមុនថា ការលក់របស់ខ្លួនបានធ្លាក់ចុះ ៣,៩លានតោន ដោយសារតែការចរចាដែលនៅបន្តអូសបន្លាយមិនទាន់ដាច់ស្រេចជាមួយ CMRG ។ ក្រុមហ៊ុន Fortescue បានព្រមានថា ប្រសិនបើការចរចាទាំងនោះមិនត្រូវបានបញ្ចប់ត្រឹមខែធ្នូទេនោះ ប្រតិបត្តិការរបស់ក្រុមហ៊ុនអាចនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ប្រែសម្រួល៖ គីរី
