ព័ត៌មានជាតិ

សម្តេចធិបតី ប្រាប់នាយករដ្ឋមន្ត្រីអាមេនី ពីការវិវត្តថ្មីៗ នៃព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់លោក Nikol Pashinyan នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋអាមេនី អំពីការវិវត្តថ្មី នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។

ការលើកឡើងរបស់សម្តេចធិបតីនេះ ក្នុងជំនួបជាមួយលោក Nikol Pashinyan នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ក្នុងកិច្ចជំនួបនោះ សម្តេចធិបតីបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ ។

ទាក់ទងស្ថានភាពព្រំដែននេះ សម្តេចធិបតីក៏ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលលើកទី២០នៃអង្គការហ្វ្រង់កូហ្វូនី កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ថា កម្ពុជាមានឆន្ទៈច្បាស់លាស់ គឺចង់បានព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ នាំឱ្យប្រជាជន នៃប្រទេសទាំងពីរ កាន់តែខិតជិតគ្នាបន្ថែមទៀត ។ គោលការណ៍នេះ គឺជាបញ្ហាដែលពាក់ព័ន្ធដល់សហគមន៍អន្តរជាតិទាំងមូល។ គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង(Faits Accomplis)នោះឡើយ៕

To Top