កូរ៉េខាងត្បូង បញ្ជូនយន្តហោះចម្បាំងស្ទាក់ចាប់ ក្រោយយន្តហោះរុស្ស៊ីហោះចូលតំបន់ ការពារដែនអាកាសរបស់ខ្លួន
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង និងធ្វើសមយុទ្ធយុទ្ធសាស្ត្រ បន្ទាប់ពីយន្តហោះយោធារុស្ស៊ី ជាច្រើនគ្រឿង បានហោះចូលទៅក្នុងតំបន់ការពារ ដែនអាកាសរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
អគ្គសេនាធិការចម្រុះ (JCS) នៃទីក្រុងសេអ៊ូល បានឱ្យដឹងថា យន្តហោះរុស្ស៊ីមួយចំនួន (មិនបញ្ជាក់ចំនួនជាក់លាក់) បានហោះចូល និងហោះចេញទៅវិញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ (KADIZ) នៅលើដែនសមុទ្រខាងកើត ដែលគេស្គាល់ផងដែរថាជាសមុទ្រជប៉ុន នៅព្រឹកព្រលឹមថ្ងៃអង្គារ។
អគ្គសេនាធិការចម្រុះ បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយថា៖ “យោធារបស់យើង បានរកឃើញយន្តហោះរុស្ស៊ី ទាំងនោះ មុនពេលពួកគេហោះចូលទៅក្នុងតំបន់ KADIZ ហើយយើងបានបញ្ជូនយន្តហោះចម្បាំងនៃកងទ័ពអាកាស ដោយចាត់វិធានការយុទ្ធសាស្ត្រនានា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់បញ្ហាបន្ទាន់ណាមួយដែលអាចកើតមានឡើង។”
តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) មិនមែនជាដែនអាកាសអធិបតេយ្យភាពនោះទេ ប៉ុន្តែវាជាតំបន់ទ្រនាប់ (Buffer area) ដែលប្រទេសនីមួយៗប្រើប្រាស់សម្រាប់កំណត់ អត្តសញ្ញាណយន្តហោះដែលហោះហើរជិត ដើម្បីគោលបំណងសន្តិសុខ។
ជាទូទៅ យន្តហោះយោធាត្រូវបានគេរំពឹងថា នឹងផ្តល់ដំណឹងដល់ប្រទេសពាក់ព័ន្ធ មុនពេលហោះចូលទៅក្នុងតំបន់ ការពារដែនអាកាសរបស់ពួកគេ ទោះបីជាការផ្តល់ដំណឹងបែប នេះមិនមែនជាការតម្រូវតាមផ្លូវច្បាប់ក៏ដោយ។
ទីក្រុងសេអ៊ូល បានបញ្ជាក់ថា យន្តហោះរបស់រុស្ស៊ីទាំងនោះ មិនបានរំលោភចូលដែនអាកាសអធិបតេយ្យរបស់កូរ៉េខាងត្បូងនោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា យន្តហោះយោធាចិន និងរុស្ស៊ី ជាង១០គ្រឿង បានហោះចូលតំបន់ការពារដែន អាកាសរបស់កូរ៉េខាងត្បូង ដែលជំរុញ ឱ្យទីក្រុងសេអ៊ូល បញ្ជូនយន្តហោះចម្បាំងជាការឆ្លើយតប ។ យ៉ាងណាមិញ យន្តហោះទាំងនោះ ក៏មិនបានហោះ ចូលដែន អាកាសអធិបតេយ្យកូរ៉េខាងត្បូងនោះទេ។
នៅពេលនោះ ទីក្រុងប៉េកាំងបានអះអាងថា សមយុទ្ធរួមគ្នាជាមួយប្រទេសរុស្ស៊ីនោះ គឺជា “ការល្បាតដែនអាកាសជាយុទ្ធសាស្ត្រ” នៅលើសមុទ្រជប៉ុន សមុទ្រចិនខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលមានគោលបំណងរក្សា “សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់”។
ប្រែសម្រួល៖ គីរី
