ភាពតានតឹងដែនអាកាស ជប៉ុនប្រើប្រាស់យន្តហោះចម្បាំង ឆ្លើយតបនិងយន្តហោះរុស្ស៊ី បានហោះរំលោភចូល ដែនអាកាសរបស់ខ្លួន
តូក្យូ ៖ ប្រទេសជប៉ុន បានប្រកាសថាខ្លួនបានបញ្ជូនយន្តហោះចម្បាំងស្ទាក់ចាប់ជាបន្ទាន់ បន្ទាប់ពីយន្តហោះចំនួន ២គ្រឿងដែលសង្ស័យជារបស់រុស្ស៊ី បានហោះរំលោភចូលដែនអាកាសរបស់ខ្លួន ហើយជប៉ុនក៏បានធ្វើការ “តវ៉ាយ៉ាងតឹងរ៉ឹងបំផុត” ទៅកាន់ទីក្រុងមូស្គូផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
យន្តហោះទាំងនោះបានហោះចូលដែនអាកាសរបស់ជប៉ុន នៅក្បែរកោះ Okinoshima ក្នុងតំបន់ភាគនិរតីនៃខេត្ត Fukuoka ភ្លាមៗបន្ទាប់ពីម៉ោង ៤ទៀបភ្លឺ ថ្ងៃអង្គារ ។
អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានមានប្រសាសន៍ថា កងកម្លាំងស្វ័យការពារជប៉ុន បានបញ្ជូនយន្តហោះចម្បាំងឡើងជាបន្ទាន់ ដើម្បីព្រមានដល់យន្តហោះដែល “សង្ស័យជារបស់រុស្ស៊ី” ទាំងនោះ។
លោក Kihara បានបញ្ជាក់យ៉ាងច្បាស់ថា៖ “ការរំលោភបំពានដែនអាកាសជាតិរបស់យើងដោយយន្តហោះរុស្ស៊ី មិនត្រឹមតែជាការបំពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពប្រទេសរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការគំរាមកំហែងដល់សន្តិសុខរបស់យើងផងដែរ ហើយវាជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត។”
លោកបានបន្ថែមថា៖ “យើងបានធ្វើការតវ៉ាយ៉ាងតឹងរ៉ឹងបំផុតទៅកាន់ប្រទេសរុស្ស៊ី តាមរយៈបណ្តាញការទូត និងបានទាមទារយ៉ាងទទូចឱ្យមានវិធានការទប់ស្កាត់ កុំឱ្យមានការកើតឡើងជាថ្មីម្តងទៀត។”
ទំនាក់ទំនងរវាងជប៉ុនជាមួយទីក្រុងមូស្គូ មានភាពល្អក់កករក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីមានការចាប់ខ្លួនអ្នកសារព័ត៌មានជប៉ុន ម្នាក់ពីបទសង្ស័យធ្វើចារកម្ម និងការរឹបអូសទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនថ្នាំជក់ជប៉ុន (Japan Tobacco) នៅរុស្ស៊ី។
លោក Kihara បានឱ្យដឹងទៀតថា យន្តហោះនោះបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Tsushima ហើយបានហោះចន្លោះកោះ Yonaguni និងកោះតៃវ៉ាន់ មុនពេលឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។
ការប្រកាសរបស់ទីក្រុងតូក្យូនេះ ធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួនក៏បានបញ្ជូនយន្តហោះចម្បាំង និងធ្វើសមយុទ្ធយុទ្ធសាស្ត្រផងដែរ បន្ទាប់ពីយន្តហោះយោធារុស្ស៊ីជាច្រើនគ្រឿង បានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។
អគ្គសេនាធិការចម្រុះ (JCS) នៃទីក្រុងសេអ៊ូល បានឱ្យដឹងថា យន្តហោះរុស្ស៊ីមួយចំនួន (មិនបញ្ជាក់ចំនួនជាក់លាក់) បានហោះចូល និងក្រោយមកបានហោះចេញទៅវិញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ (KADIZ) នៅលើដែនសមុទ្រខាងកើត ដែលគេស្គាល់ផងដែរថាជាសមុទ្រជប៉ុន កាលពីព្រលឹមស្រាងៗថ្ងៃអង្គារដូចគ្នា។
ប្រែសម្រួល៖ គីរី
