ចិនប្រើប្រាស់ម៉ូដែល AI របស់អាមេរិក ដើម្បីបណ្តុះបណ្តាលម៉ូដែល គូប្រជែងក្នុងស្រុក ខណៈការរឹតបន្តឹងបន្ទះឈីបកាន់តែតឹងរ៉ឹង
ទីក្រុងប៉េកាំង៖ ឯកសារនានាបានបង្ហាញថា ស្ថាប័នរបស់ប្រទេសចិន កំពុងប្រើប្រាស់វិធីសាស្ត្រកាន់តែស្មុគស្មាញ និងទំនើប ដើម្បីយកលទ្ធផលពីម៉ូដែល AI ឈានមុខរបស់អាមេរិក មកបណ្តុះបណ្តាលម៉ូដែលគូប្រជែងក្នុងស្រុក ស្របពេលដែលប្រទេសចិនមានគោលដៅពង្រីកយុទ្ធសាស្ត្រ AI របស់ខ្លួន និងប៉ះប៉ូវលើការរឹតបន្តឹងកាន់តែខ្លាំងរបស់សហរដ្ឋអាមេរិកក្នុងការចូលប្រើប្រាស់បន្ទះឈីប នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការពិនិត្យឡើងវិញរបស់ភ្នាក់ងារព័ត៌មាន Reuters លើឯកសារស្រាវជ្រាវ ការចុះប៉ាតង់ ការប្រកាសរបស់ក្រុមហ៊ុន សេចក្តីជូនដំណឹងជ្រើសរើសបុគ្គលិក និងឯកសាររដ្ឋាភិបាលចិនជាង ៣០០ ច្បាប់ បានបង្ហាញពីរបៀបដែលការអនុវត្តនេះ (ដែលត្រូវបានគេស្គាល់ថាជា “ការចម្រាញ់” ឬ Distillation) បានពង្រីកខ្លួនហួសពីការពិសោធន៍ក្នុងវិស័យសិក្សាធិការ ឈានទៅដល់ការប្រើប្រាស់ជាទូទៅក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេសចិន។
ឯកសារទាំងនោះបានរៀបរាប់ថា អ្នកស្រាវជ្រាវចិនបានប្រើប្រាស់ម៉ូដែលអាមេរិកដើម្បីបង្កើតចម្លើយចំពោះសំណួរ សរសេរកូដកុំព្យូទ័រ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាស្មុគស្មាញនានា ដោយបន្ទាប់មក ក្រុមហ៊ុនចិនបានអភិវឌ្ឍកម្មវិធីកុំព្យូទ័រដើម្បីធ្វើស្វ័យប្រវត្តិកម្មលើដំណើរការនេះ ហើយបុគ្គលិកជំនាញបានរៀបចំទិន្នន័យសម្រាប់បណ្តុះបណ្តាលម៉ូដែលក្នុងស្រុកដែលមានទំហំតូចជាង។
ឯកសារទាំងនេះក៏បានបង្ហាញផងដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងលើកទឹកចិត្តឱ្យមានការប្រើប្រាស់វិធីសាស្ត្រ “ការចម្រាញ់” នេះ ដើម្បីធ្វើឱ្យ AI កាន់តែមានតម្លៃថោក និងងាយស្រួលក្នុងការដាក់ពង្រាយទូទាំងវិស័យផលិតកម្មដ៏មានសក្តានុពលរបស់ប្រទេសចិន។
ការចម្រាញ់នេះមិនមែនជាទង្វើខុសច្បាប់នោះទេ ហើយវាត្រូវបានគេអនុវត្តយ៉ាងទូលំទូលាយនៅតំបន់ផ្សេងទៀតជុំវិញពិភពលោក។ ទោះបីជាដំណើរការនេះមិនអាចចម្លងសមត្ថភាពពេញលេញនៃម៉ូដែលឈានមុខណាមួយ ឬលុបបំបាត់តម្រូវការនៃថាមពលកុំព្យូទ័រកម្រិតខ្ពស់បានទាំងស្រុងក៏ដោយ ប៉ុន្តែវាអាចជួយអ្នកអភិវឌ្ឍន៍រក្សាទុកនូវជំនាញដែលបានជ្រើសរើស នៅក្នុងប្រព័ន្ធតូចៗដែលមានតម្លៃប្រតិបត្តិការថោកជាងមុន ដែលអាចកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើបច្ចេកវិទ្យាអាមេរិក។
ការពង្រីកការប្រើប្រាស់វិធីសាស្ត្រចម្រាញ់របស់ចិន អាចនឹងធ្វើឱ្យការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការលក់បន្ទះឈីបកម្រិតខ្ពស់ទៅកាន់ប្រទេសចិនធ្លាក់ចុះប្រសិទ្ធភាព ដោយសារអ្នកអភិវឌ្ឍន៍របស់ចិនអាចបង្កើតសមត្ថភាព AI ដោយទាញយកប្រយោជន៍ពីសមត្ថភាពម៉ូដែលគូប្រជែងអាមេរិក។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងរឹតត្បិតបន្ថែមទៀតលើការចូលទិញបន្ទះឈីបបែបនេះរបស់ចិន ពីក្រុមហ៊ុនដូចជា Nvidia (NVDA.O) ជាដើម។
ការចម្រាញ់នេះក៏ជាប្រភពនៃភាពតានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោកផងដែរ មុនកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ក្នុងទីក្រុងស៊ិនជិន (Shenzhen) ជាកន្លែងដែលប្រធានាធិបតីអាមេរិកលោក Donald Trump និងសមភាគីចិនលោក Xi Jinping ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាគ្នា។
អាជ្ញាធរអាមេរិកបានចោទប្រកាន់ជាសាធារណៈលើក្រុមហ៊ុនចិនកាលពីខែកញ្ញា អំពីការចម្រាញ់យកម៉ូដែល AI របស់អាមេរិកក្នុងទ្រង់ទ្រាយធំកម្រិតឧស្សាហកម្មយ៉ាងគឃ្លើន និងមានគោលដៅច្បាស់លាស់។
នៅក្នុងកិច្ចប្រជុំនៅទីក្រុងឆេងឌូ (Chengdu) កាលពីខែកក្កដា មន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានលើកឡើងពីក្តីបារម្ភជាមួយនិយតករចិន អំពីការដែលអ្នកអភិវឌ្ឍន៍ប្រមូលយកលទ្ធផលពីម៉ូដែល AI ឈានមុខរបស់អាមេរិក ដោយព្រមានថាសកម្មភាពមួយចំនួនអាចស្មើនឹងការលួចកម្មសិទ្ធិបញ្ញា នេះបើយោងតាមមនុស្សបីនាក់ដែលដឹងពីកិច្ចពិភាក្សានេះ។
មន្ត្រីចិនបានការពារវិធីសាស្ត្រចម្រាញ់នេះថា ជាបច្ចេកទេសអភិវឌ្ឍន៍ AI ស្តង់ដារមួយ ហើយបាននិយាយថា ពួកគេបើកចំហក្នុងការចាត់វិធានការប្រសិនបើទង្វើណាមួយបង្កើតជាការលួចកម្មសិទ្ធិបញ្ញា ប៉ុន្តែមិនបានធ្វើការសន្យា ជាក់លាក់ណាមួយនោះទេ នេះបើយោងតាមមន្ត្រីអាមេរិកម្នាក់ ដែលដឹងពីការផ្លាស់ប្តូរមតិយោបល់ដែលមិនធ្លាប់ត្រូវបានរាយការណ៍ពីមុនមកនេះ។
ក្រសួងពាណិជ្ជកម្មអាមេរិក និងរដ្ឋបាលគ្រប់គ្រងលំហអ៊ីនធឺណិតចិន (Cyberspace Administration) មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។
ប្រែសម្រួល៖ គីរី
