បរទេស៖ រដ្ឋាភិបាលថៃបានរាយការណ៍ថា កាលពីថ្ងៃច័ន្ទ មានករណីឆ្លងវីរុសថ្មី ចំនួន ៧ នាក់ថែមទៀត និងមិនមានអ្នកស្លាប់ថ្មីទេ ដោយបាននាំឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសថៃកើនឡើងដល់ ៣.១៦៩ នាក់ និង ៥៨ នាក់ បានស្លាប់ចាប់តាំងពីខែមករា។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ករណីឆ្លងថ្មីទាំងអស់ គឺជាជនជាតិថៃ ដែលត្រូវបានគេ ដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីបានវិលត្រឡប់ មកពីប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកថ្មីៗនេះ។ មិនមានការឆ្លងតាមមូលដ្ឋាននោះទេ អស់រយៈពេល ៣៥ ថ្ងៃមកនេះ។
មជ្ឈមណ្ឌល សម្រាប់រដ្ឋបាលស្ថានភាព Covid-19 ក៏បានបន្ថែមក្រឹត្យគ្រាអាសន្ន សម្រាប់រយៈពេលមួយខែទៀត ដល់ចុងខែកក្កដា បន្ទាប់ពីក្រឹត្យនេះ នឹងត្រូវផុតកំណត់នៅថ្ងៃអង្គារ។
មជ្ឈមណ្ឌលបាននិយាយថា ការពង្រីកនេះ គឺចាំបាច់ពីព្រោះប្រទេសថៃ នឹងបើកអាជីវកម្មកាន់តែច្រើន និងអនុញ្ញាតឱ្យមាន ការធ្វើដំណើរកាន់តែច្រើន ហើយសាលារៀនទាំងអស់ ក៏នឹងត្រូវបើកដំណើរការវិញដូចគ្នាដែរ នៅថ្ងៃពុធនេះ។
ការសម្រេចចិត្តត្រូវបានសម្រេច នៅក្នុងកិច្ចប្រជុំសមាជិកពេញលេញ នៃមជ្ឈមណ្ឌលដែលដឹកនាំ ដោយនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធចាន់អូចា៕ ប្រែសម្រួលៈ ណៃ តុលា