បរទេស៖ នៅថ្ងៃពុធរដ្ឋាភិបាលបានរាយការណ៍ ពីករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាចំនួន ២ ករណីថែមទៀត គឺកម្មករដែល ត្រឡប់មកពីប្រទេសគុយវ៉ែត ដែលនាំ ឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៣.១៧៣ នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Taweelsilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា បុរសទាំងពីរនាក់មានអាយុ ៤៧ និង ៤៨ ឆ្នាំបានមកដល់អាកាសយានដ្ឋានសុវណ្ណភូមិកាល ពីថ្ងៃច័ន្ទ។ ពួកគេទាំងពីរនាក់ មានអាការៈក្អក និងមានគ្រុនក្តៅហើយបានពិនិត្យវិជ្ជមាន សម្រាប់ជំងឺកូវីដ១៩ នៅថ្ងៃដដែល។
លោកបាននិយាយថា “ គុយវ៉ែតគឺជាប្រទេសដែលមានអ្នកវិលត្រឡប់ មានអត្រាឆ្លងខ្ពស់បំផុតគឺ ១២,២៩% ។ រហូតមកដល់ពេលនេះ ជនជាតិថៃ ២៩៣ នាក់បានវិលត្រឡប់មកពីទីនោះហើយ ៣៦ នាក់ក្នុងចំណោមពួកគេ បានឆ្លងជំងឺ” ។
សូមជម្រាបថា ក្នុងចំណោមករណីឆ្លងមេរោគកូវីដ១៩ នៅប្រទេសថៃ ចំនួន ៣.១៧៣ នាក់ គឺមានចំនួន ៣.០៥៩ បានជាសះស្បើយ ។ អ្នកជំងឺកូវីដចំនួន ៥៦ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំនួនអ្នកស្លាប់មិនមានការផ្លាស់ប្តូរទេគឺមានចំនួន ៥៨នាក់ដដែល៕ ប្រែសម្រួលៈ ណៃ តុលា