ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ៖ ជនឆ្លៀតឱកាសពីការបែងចែក ទទួលដីធ្លីនឹងត្រូវមានទោស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ បានបន្តក្រើនរំលឹកថា  ជនឆ្លៀតឱកាសពីការបែងចែកទទួលដីធ្លីនឹងត្រូវមានទោស។

កាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២០ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បន្ទាប់ពី សម្តេចបានបញ្ជាទៅក្រសួងទាំង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឲ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ ក្នុងនោះសម្តេចតេជោ បានបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗថាៈ

១)ចំពោះពលរដ្ឋដែលកំពុងរស់នៅ អាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋ ដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាតជាដាច់ខាត។ កន្លងមក សម្តេចតេជោ បានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចអោយទៅ កាប់រុករានទន្រ្ទានយកដីអោយខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្រ្ទានយកដីរដ្ឋ ក្នុងមួយយប់ធ្វើបានខ្ទមពី១០ទៅ២០ ក៏សម្តេចតេជោបានដឹងនឹងកំណត់អត្តសញ្ញាណ និងមុខសញ្ញារួចអស់ហើយដែរ។ បើរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តិមែននោះគឺនឹងត្រូវចាប់ខ្លួន។

២) ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើអោយបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយក ចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។

៣)ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ ប្រើប្រាស់ជាព្រៃរកឱស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។ 

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់សារជាថ្មីដល់មន្រ្តី អ្នកមានអំណាច និងអ្នកមានទ្រព្យធនស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយ ហើយឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត៕

To Top