យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីស្រាអ៊ែល បានរាយការណ៍ឲ្យដឹងថា មានអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ចំនួន១.៣៣៥នាក់ គិតត្រឹមថ្ងៃពុធ ដែលជាការកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃជាលើកទី២ហើយសម្រាប់ប្រទេសអ៊ីស្រាអ៊ែល ចាប់តាំងពីបានឆ្លងរាលដាលនៅក្នុងប្រទេសកាលពីចុងខែកុម្ភៈ ។
តួលេខនេះនាំឲ្យមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបកើនដល់៣៣.៥៥៧នាក់ និងមានអ្នកជំងឺធ្ងន់ចំនួន១៤.៨៧៥នាក់ ។
ចំនួនអ្នកស្លាប់ដោយសារជំងឹបានកើនឡើងពី៣៤៤ដល់៣៤៦នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយកើនឡើងពី១១៣ដល់៤០៥នាក់ ។
ចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើងដល់១៨.៣៣៨នាក់ ដែលមានអ្នកជាសះស្បើយថ្មីចំនួន១១១នាក់ ។
ដោយសារការឆ្លងរាលដាលខ្លំាង នៅក្នុងប្រទេសអ៊ីស្រាអ៊ែល គ្រប់ខ្សែរថយន្តក្រុងនៅក្នុងប្រទេសទាំងអស់បានបញ្ចប់ប្រតិបត្តិការរបស់ខ្លួនចាប់ពីម៉ោង២២និង០០នាទីម៉ោងក្នុងស្រុក នៅក្នុងសប្តាហ៍នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា