ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា មិនអាចទុកឱ្យបញ្ហាអន្តោប្រវេសន្ត បន្តស្ថិតនៅជាគ្រោះហានិភ័យចំពោះសន្តិសុខជាតិ សុវត្ថិភាពសង្គម និងអភិវឌ្ឍសេដ្ឋកិច្ច ទៀតឡេីយ។
ក្នុងងសេក្ដីជូនដំណឹង ស្តីពី ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា របស់ក្រសួងមហាផ្ទៃ ចេញផ្សាយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០ បានឲ្យដឹងថា “ដោយពិនិត្យឃើញថា មិនអាចទុកឱ្យបញ្ហាអន្តោប្រវេសន្ត បន្តស្ថិតនៅជាគ្រោះហានិភ័យចំពោះសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច”។
ក្រសួងមហាផ្ទៃ បានស្នើសុំគោលការណ៍ដឹកនាំ និងបានទទួលនូវការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយកិច្ចការនេះប្រកបដោយការបេ្តជ្ញាចិត្ត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ។
ក្រោយទទួលបានការគាំទ្រ ពីប្រមុខរាជរដ្ឋាភិបាល គណៈកម្មការអន្តរក្រសួងមួយ និងក្រុមការងារប្រតិបត្តិជាច្រើនត្រូវបានបង្កើតឡើង ដើម្បីចុះធ្វើជំរឿន ស្ថិតិ ជនបរទេសអន្តោប្រវេសន្ត ឡើងវិញដោយ មានការត្រួត ពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីវាយតម្លៃចងក្រង ជាតារាងឧបសម្ព័ន្ធផ្លូវការបម្រើឱ្យការកំណត់ក្របខ័ណ្ឌ គ្រប់គ្រងនិងដោះស្រាយ។
បន្ថែមលើសពីនេះ ក្រោយពេលបិទឱសានវាទ នៃយុទ្ធនាការកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ កន្លងមក គឺមានជនបរទេសអន្តោប្រវេសន្តនៅទូទាំងប្រទេសបានដាក់ពាក្យស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងសុំបណ្ណស្នាក់នៅអចិន្ត្រៃយ៍ ចំនួន ៨៩.៧៨៦នាក់ ស្មើនឹង ២៨.៩៤៥ គ្រួសារ មាន១១សញ្ជាតិ ក្នុងនោះមានជនជាតិវៀតណាម ចំនួន ៨៩.៤៧១នាក់ (ស្រី៤២.៨៣៦) ថៃចំនួន១១៧នាក់ (ស្រី១៥នាក់ ) ឡាវចំនួន ១៥១នាក់ (ស្រី៥២នាក់ )ចិន២២នាក់ (ស្រី១៣នាក់) ភូមា១៤នាក់ (ស្រី០៥នាក់) ឥណ្ឌូនេស៊ី ០៣នាក់ (ស្រី០២នាក់ )ម៉ាឡេស៊ី ចំនួន០៣នាក់ (ស្រី០១នាក់) ណេប៉ាល់ចំនួន០២ (ស្រី០នាក់) បង់ក្លាដេស០១នាក់(ស្រី០នាក់) តង់ហ្សានី០១នាក់ (ស្រី០នាក់) និងអាឡឺម៉ងចំនួន ០១នាក់ (ស្រី០នាក់ )។
ជាមួយគ្នានោះដែរ ក្រសួងមហាផ្ទៃកត់សម្គាល់ ឃើញថា ក្នុងដំណើរការពិនិត្យដោះស្រាយបញ្ហានេះក្រុមការងារបានធ្វើការដកហូត ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ចាប់តាំងពីដើមឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ បានចំនួន៣៧.៤៣៦ច្បាប់ ពីជនបរទេសចំនួន២០.១០៧គ្រួសារ ដែលមានមនុស្សសរុបចំនួន ៦៩.៩៥៧ ស្មើរនឹង១១សញ្ជាតិ ក្នុងនោះសញ្ជាតិវៀតណាមចំនួន ១៩.៩៦៧គ្រួសារ មនុស្សចំនួន ៦៩.៧៨៧នាក់។
បន្ថែមលើសពីនេះផងដែរ បច្ចុប្បន្នជនបរទេស ដែលមានចំនួនដូចបានរៀបរាប់ ខាងលើ កំពុងត្រូវបានក្រសួងមហាផ្ទៃ ផ្តល់ជូនបណ្ណស្នាក់នៅ អចិន្ត្រៃយ៍(សុពលភាព ០២ឆ្នាំម្តង) ជាបន្តបន្ទាប់ ដើម្បីដាក់ពួកគេឱ្យស្ថិតនៅក្រោមគន្លងច្បាប់ និងអនុវត្តកាតព្វកិច្ចនានាតាមការកំណត់៕