ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា បន្តអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច កុំធ្វេសប្រហែសនិងឧស្សាហ៍ធ្វើអនាម័យ ដើម្បីបន្តការពារទប់ស្កាត់ ការរីករាលដាលកូវីដ១៩ ខណ:ជំងឺនេះនៅតែជាជំងឺកាចសាហាវ ដែលមិនទាន់រកឃើញថ្នាំព្យាបាលនៅឡើយ។
តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោបានបញ្ជាក់ថាថ្មីៗនេះកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន១៥នាក់ថ្មីទៀត ជាអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី ហើយពួកគេកំពុងដាក់អោយព្យាបាល ជាបន្ទាន់។
សម្ដេចបន្ថែមថា ជំងឺកូវីដ១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់ មានថ្នាំព្យាបាលនៅឡើយទេ។
ក្នុងឱកាសនោះ សម្ដេចបន្តថា “សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសអោយសោះ ហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ”។
សម្ដេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ចំពោះទីកន្លែងដែលមានមនុស្សច្រើន ដូចជា:ផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាត្តិអោយបើកដំណើរការ ជាពិសេសមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ ត្រូវតែមានទឹកអាល់កុល ចឹលសម្លាប់មេរោគ និងម៉ាស សម្រាប់អតិថិជន រួមទាំងអ្នកជំងឺ នឹងបងប្អូន អ្នកជំងឺពេលមកសួរសុខទុក្ខត្រូវពាក់ម៉ាស់ ការពារចៀសវាងការឆ្លងមេរោគពីម្នាក់ទៅម្នាក់ ។
ជាមួយគ្នានោះសម្ដេចក៏បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវបន្តធ្វើតាមវិធានណែនាំ របស់ក្រសួងសខាភិបាលអោយបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា មកទល់ពេលនេះកម្ពុជា រកឃើញអ្នកឆ្លងវីដ១៩ សរុបចំនួន ១៥៦នាក់ ព្យាបាលជាសះស្បើយបានចំនួន១៣៣នាក់ អ្នកជំងឺកូវីដ១៩ចំនួន២៣នាក់កំពុងសម្រាកព្យាបាល៕
ដោយ៖ធី លីថូ