ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តថែរក្សាអានាម័យ សុខភាព ជាប្រចាំ ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ខណៈនៅមិនទាន់មានថ្នាំព្យាបាល ជំងឺនេះនៅឡើយទេ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ មកទល់ថ្ងៃនេះនៅក្នុង ពិភពលោកបានកើនឡើង ១៣,១៥០,៦៤៥នាក់ហើយ។ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ៥៧៤,៤៦៤នាក់ រីករាលដាលលើ ២១៦ប្រទេស រីឯថ្នាំព្យាបាលក៏មិនទាន់មានដែរ ។
សម្ដេចបន្តថា ដោយឡែកនៅក្នុង ប្រទេសកម្ពុជាយើងវិញ មកទល់ថ្ងៃនេះមានអ្នកឆ្លងរោគសរុប ១៦៦នាក់ អ្នកដែលបានព្យាបាល ជាសះស្បើយមាន ១៣៣នាក់ ប្រទេសយើងគ្មានអ្នកស្លាប់ ដោយសារកូវីដ១៩ទេ ។
សម្ដេចតេជោបញ្ជាក់ថា «វិធីដែលចាំបាច់នឹងមាន ប្រសិទ្ធភាពបំផុតចៀសវាង ការឆ្លងរោគកូវីដ១៩ ដែលយើងមើលមិនឃើញ ដោយភ្នែកទទេរនេះ គឺត្រូវឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល។ ត្រូវពាក់ម៉ាសការពារអោយបានល្អ ហើយកុំធ្វេសប្រហែសដោយគិតថា កំណើនឆ្លងរោគនៅប្រទេសយើងទាប» ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បន្ថែមថា ទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាត ធនាគារ និងកន្លែងប្តូរប្រាក់តូចធំ គ្លិនិកតូចធំ គ្លិនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ត្រូវតែមានចឹល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជន ឬក្រុមគ្រួសារអ្នកជំងឺដើម្បីទប់ស្កាត់ ការរីករាលដាលចម្លង រោគពីម្នាក់ទៅម្នាក់ ហើយត្រូវបន្តធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាលគ្រប់ពេល ។
ទន្ទឹមគ្នានោះសម្ដេច ក៏បានជូនពរដល់បងប្អូនជនរួមជាតិ ឲ្យចៀសផុតពីជំងឺឆ្លង រលាកផ្លូវដង្ហើមកូវីដ១៩ ទាំងអស់គ្នា ៕